លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ពិភាក្សាការងារសហការពិសោធន៍គ្រប់គ្រងរុយចោះផ្លែ និងរៀបចំឯកសារចរចាបើកទីផ្សារដើម្បីនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន។ នេះបើតាមការឲ្យដឹងពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។

កន្លងទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញពីបំណងនាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឱ្យកាន់តែច្រើន ស្របពេលដំណើរការនៃការចរចាបើកទីផ្សារ សម្រាប់ការនាំចេញកសិផលកម្ពុជាទៅសហរដ្ឋអាមេរិកជាមួយភាគីពាក់ព័ន្ធ ត្រូវបានជម្រុញបានកាន់តែឆាប់រហ័ស។
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ផ្លែស្វាយស្រស់កម្ពុជាបាននាំចេញទៅទីផ្សារប្រទេសវៀតណាម ថៃ ចិន កូរ៉េ តាមរយៈការចរចាលើវិធានបច្ចេកទេសអនាម័យ និងភូតគាមអនាម័យជាមួយបណ្តាប្រទេសទាំងនោះ។

ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅក្រៅប្រទេសប្រមាណ ១៦ម៉ឺន២ពាន់តោន មានការថយចុះ ៣៣% បើធៀបនឹងឆ្នាំ២០២១។ ដោយឡែក ការនាំចេញផ្លែស្វាយស្រស់ កម្ពុជាក្នុងខែមករា ២០២៣នេះ បានប្រមាណ ១១,៨៧១ តោន ក្នុងទំហំទឹកប្រាក់ជាង ២,៣ លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាបាននាំស្វាយស្រស់ទៅប្រទេសវៀតណាមចំនួន ៩,៥៤៣ តោន, ថៃចំនួន ២,៣២២ តោន និងកូរ៉េចំនួន ៥,៧៦ តោន ផងដែរ។
បើតាមអ្នកវិនិយោគកសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ ធ្លាប់បានឱ្យដឹងថា ចាប់ពីខែមីនា ឆ្នាំ២០២៤ទៅ ការនាំចេញផ្លែស្វាយស្រស់ និងដំណាប់ស្វាយពីកម្ពុជាទៅក្រៅប្រទេសនឹងមានកំណើនជាងនេះព្រោះវាជារដូវកាលប្រមូលទិន្នផលស្វាយ៕ អត្ថបទ៖ អក្ខរា
