ក្រុមហ៊ុន China Metro Group បង្ហាញសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ជំរុញឱ្យប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល (LRT) នៅកម្ពុជាលេចរូបរាងឡើងនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា និងថ្នាក់ដឹកនាំក្រុមហ៊ុន China Metro Group កាលពីថ្ងៃទី២១ ខែកុម្ភៈម្សិលមិញ។

ជំនួបនេះ ក្រុមហ៊ុនបង្ហាញអំពីវឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុនលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែ គឺ៖ ទី១ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និង ទី២ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។
ចំពោះការសិក្សារបស់ក្រុមហ៊ុន China Metro Group គម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលទាំងពីរខ្សែខាងលើរដ្ឋមន្ត្រីក្រសួងសាធារណការ រំពឹងថា នឹងរួមចំណែកក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងផ្តល់នូវជម្រើសបន្ថែមក្នុងការធ្វើដំណើរ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរផងដែរ។

លោក ផន រឹម អ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រថភ្លើងធុនស្រាល សំដៅលើមធ្យោបាយសម្រាប់ដឹកជញ្ជូនអ្នកដំណើរពីតំបន់មួយទៅតំបន់មួយក្នុងទីក្រុង ក៏ដូចជាអនុតំបន់ជាយៗទីក្រុង។ ដូច្នេះរថភ្លើងធន់ស្រាលនេះ មានប្រវែងខ្លី ស្រាល បត់បែនបានលឿន ហើយសម្រាប់តែដឹកអ្នកដំណើរ មិនសម្រាប់ដឹកទំនិញទេ ហើយវាប្រែប្រួលចំនួនទូរទៅតាមចំនួនអ្នកដំណើរ និងភាពចាំបាច់។
លោកថា សម្រាប់កម្ពុជា ជាទស្សនវិស័យរួមលើការវិនិយោគការសាងសង់ផ្លូវរថភ្លើងធុនស្រាលនេះ គឺដើម្បីបម្រើឱ្យប្រជាពលរដ្ឋក្នុងទីក្រុង ក៏ដូចជាតំបន់ទីប្រជុំជន និងភ្ជាប់ទៅប្រលានយន្តហោះ។ លោកឧទាហរណ៍ថា៖ នៅក្រៅប្រទេស បើយើងធ្វើដំណើរតាមរថយន្តក្នុងទីក្រុង តាមមធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងក្រុង វាអាចយឺត អាចកកស្ទះ ប៉ុន្តែបើយើងធ្វើដំណើរតាមរថភ្លើងធុនស្រាលនេះ គឺអត់ស្ទះទេ។ ដូច្នេះផលប្រយោជន៍របស់វា គឺធ្វើដំណើរដោយសុវត្ថិភាព ផាសុខភាព ទាន់ពេលវេលា ហើយគោលដៅធំរបស់វា គឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងទីក្រុង៕

