ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើសុំអនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងនិងសមាគម កាលពីថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ជុំវិញជំនួបនាពេលនេះ ឧកញ៉ា តែ តាំងប៉ ថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍ឲ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សាដើម្បីស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសប្រមាណ ១,៥លាននាក់ បន្ទាប់ពីសមាគមមូលនិធិសម្តេចតេជោ និង FASMEC បានចុះ MoU ជាមួយក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈពេលកន្លងទៅ។
លោកឧកញ៉ាលើកឡើងថា ការសិក្សានេះគឺមានជំនាញ ៣៩មុខ ដើម្បីប្រជាជនខ្មែរមានជំនាញច្បាស់លាស់ ព្រោះយើងមិនចង់ជំរុញឲ្យប្រជាជនទៅធ្វើកម្មករគេនោះទេ។ ក្នុងនាមសមាគមមូលនិធិសម្តេចតេជោ ដែលចាប់ដៃជាមួយក្រសួងការងារគឺជាលើកទីមួយដើម្បីជំរុញការបណ្តុះបណ្តាលជំនាញទាំំង ៣៩មុខឲ្យសម្រេចតាមគោលនយោបាយរាជរដ្ឋាភិបាល។

លោកឧកញ៉ាថ្លែងថា «យើងសព្វថ្ងៃនឹងកំពុងជំរុញឲ្យប្រជាជនកែច្នៃផលិតផលចេញពីកសិកម្មដើម្បីកាត់បន្ថយការនាំចូលជំរុញគោលនយោបាយរបស់រាជរដ្ឋាភិបាល។ មួយទៀតយើងចង់ឲ្យប្រជាជនមានជំនាញច្បាស់លាស់ ឧទាហរណ៍ដូចជា ការដំឡើងកង់, ដំឡើងម៉ូតូ, ដំឡើងរថយន្ត គឺបានតែកម្លាំងពលកម្មមួយគត់ តែបើយើងមានជំនាញនោះយើងអាចផលិតផ្នែកណាមួយនៃគ្រឿងបង្គុំនោ»។
សូមជម្រាបជូនថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៃកម្មវិធីបណ្តុះបណ្តាលយុវជន១លាន៥សែននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិត ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងសញ្ញាបត្របច្ចេកទេសបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារ និងមុខរបរដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព លទ្ធភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ ព្រមទាំងឆ្លើយតបតាមតម្រូវការទីផ្សារ ប្រកដដោយចីវភាព ភាពធន់ និងបត្យាប័ន៕





