ក្រសួងសេដ្ឋកិច្ច ណែនាំឱ្យប្រើប្រាស់ផលិតផលថ្មធម្មជាតិក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការនាំចូល

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច បានធ្វើការណែនាំឱ្យគ្រប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានសំណង់នានា ដែលប្រើប្រាស់ថវិការដ្ឋចូលរួមប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការនាំចូល ផលិតផលថ្មអារពីក្រៅប្រទេស ខណៈកាកសំណល់ថ្មដែលនាំចូលកំពុងគរចោលនៅតាមតំបន់ការដ្ឋានអណ្តូងរ៉ែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការចូលរួមប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ក្នុងគ្រប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការ ដ្ឋានសំណង់នានា ដែលប្រើប្រាស់ថវិការដ្ឋ ដែលចេញផ្សាយកាលពីថ្ងៃទី២១ កុម្ភៈ។


តាមរយៈសេចក្តីណែនាំខាងលើ ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា៖« ដោយពិនិត្យឃើញបញ្ហាប្រឈមក្នុងអាជីវកម្មថ្មអារ និងដោយមានសំណើពីសមាគមថ្មក្រានីតកម្ពុជា និងបណ្តាក្រុមហ៊ុនអាជីវកម្មថ្មអារផង រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តឱ្យមានការប្រើប្រាស់ថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព សំដៅលើកកម្ពស់ផលិតផលថ្មអារក្នុងស្រុក កាត់បន្ថយការនាំចូល ផលិតផលថ្មអារពីក្រៅប្រទេស កាត់បន្ថយការគរចោលកាកសំណល់ថ្មនៅតាមតំបន់ការដ្ឋានអណ្តូងរ៉ែ តាមរយៈការកែច្នៃ និងការប្រើប្រាស់ឱ្យអស់លទ្ធភាព និងរួមចំណែកបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា»។

សេចក្តីណែនាំដដែលនេះ ក៏បានអះអាងថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាប និងណែនាំដល់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈដទៃទៀត ត្រូវពិនិត្យលទ្ធភាពចូលរួមប្រើប្រាស់ថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ក្នុងគ្រប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋាន សាងសង់នានា ដែលប្រើប្រាស់ថវិការដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

សូមបញ្ជាក់ដែរថា ថ្មអារ សំដៅដល់ថ្មធម្មជាតិទាំងឡាយ ដែលកាត់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក ថ្មបន្ទះ ឬថ្ម សន្លឹក ឬថ្មដុំ ឬថ្មដុំតូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ផ្សេងៗ ។ល។ ដែលប្រើប្រាស់ក្នុងការងារសាងសង់ ឬការ តុបតែងលម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណង់ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា៕​អត្ថបទ៖ រង្សី