ក្រុមហ៊ុនចិនមួយ ចង់វិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយសារកត្តាចំនួន៤

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Wuxi Capital Group Co,Ltd ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសចិន បានបង្ហាញពីបំណងចង់វិនិយោគវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយសារមើលឃើញកត្តាធំៗចំនួន៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងដូច្នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ និងគណប្រតិភូចិនដឹកនាំដោយលោក ZHANG WEIMIN អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Wuxi Capital Group Co,Ltd នៅព្រឹក​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤។ ជំនួបនេះ គឺដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីស្ថានភាព សេដ្ឋកិច្ច សក្តានុពលរបស់ខេត្ត និងជាពិសេសតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។

នាឱកាសនោះ ​ លោក ឡុង ឌីម៉ង បានឱ្យដឹងថា បានបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ។

ជាងនេះទៀត លោកថា ភាពខ្លាំងរបស់ខេត្តព្រះសីហនុ គឺមានផែនការមេប្រែក្លាយខេត្តនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង​ និង​កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤។ លើសពីនេះ លោកថា ខេត្តព្រះសីហនុ នឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ, មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ​ពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។

ហេតុនេះ លោក ឡុង ឌីម៉ងបានសង្កត់ធ្ងន់ថា៖«ខេត្តព្រះសីហនុ ជាខេត្តដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ហើយឆ្នាំ២០២៤នេះជា ពេលវេលាដ៏ល្អបំផុតសម្រាប់ការបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ»។

ក្នុងពេលនោះផងដែរ លោក ZHANG WEIMIN អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Wuxi Capital Group Co,Ltd ក៏បានលើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ និងជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន នេះជាការឆ្លនេះជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អរវាងប្រជាជននៃប្រទេសទាំង២។

បន្ថែមពីនេះ បន្ទាប់ពីស្វែងយល់ពីគោលនយោបាយ​វិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគនៅតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុរួចនោះ លោកថា តាមការសង្កេតរបស់លោក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនខ្លាំង។

ជាមួយគ្នានេះ លោកបានអះអាងថា៖«ក្រុមហ៊ុនរបស់ប្រទេសចិនមានគម្រោងសហការជាមួយក្រុមហ៊ុន Wuxi វិនិយោគនៅខេត្តព្រះសីហនុ ដោយសម្លឹងឃើញភាពទាក់ទាញរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដោយសារកត្តាធំៗចំនួន៤ គឺ៖ទី១.ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា
ទី២.ជាសមិទ្ធផល នៃចំណងមិត្តភាព សាមគ្គីភាពកម្ពុជា-ចិន ទី៣.តំបន់សេដ្ឋកិច្ចពិសេសមានលទ្ធផលផ្លែផ្កា និងទី៤. កាលានុវត្តភាពយ៉ាងខ្លាំងក្នុងការវិនិយោគ និងដឹកជញ្ជូន»។

គួរបញ្ជាក់ដែរថា បើគិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស(ត.ស.ព) កំពុងដំណើរការចំនួន ២៤ទីតាំង នៃ៩រាជធានី-ខេត្ត ជាមួយគម្រោងវិនិយោគសរុបប្រមាណ ៦៥៥គម្រោង ដែលបានផ្ដល់ការងារជាង ១៧ម៉ឺនកន្លែង។ ដោយក្នុងនោះ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស.កំពុងដំណើរការចំនួន៤៕ អត្ថបទ៖ រង្សី