លោក ខេម មិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេ ថ្មីៗនេះលោកថែមទាំងបានបង្កើតក្រុមបាល់ទាត់រួមគ្នាមួយសុទ្ធសឹងជាអ្នកសិល្បៈដែលមានឈ្មោះថា « ខេមបូឌាហ្វូតបលសូពើស្តារ » កំពុងទទួលបានការ គាំទ្រខ្លាំងពីមហាជន ត្រឹមតែ២ ប្រកួតប៉ុណ្ណោះអាចរកប្រាក់បានជាង១ម៉ឺនដុល្លារ ជួយក្មេងកំព្រា ។

តារាចម្រៀង ខេម បានឱ្យដឹងថា មកទល់ពេលនេះក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារ បង្កើតបានជិត ៤ ខែហើយ សុទ្ធតែជាអ្នកសិល្បៈ មានផ្នែក ចម្រៀង ម៉ូឌែល អ្នកសម្តែង ពិធីករ និងអ្នកភ្លេង។ល។ កន្លងមកក្រុមយើងធ្លាប់ប្រកួតក្នុងកម្មវិធីធំចំនួន ២លើកមកហើយ យើងប្រមូលបានប្រាក់ជាងមួយម៉ឺនដុល្លារ ដើម្បីជួយកុមារកំព្រានៅខេត្តស្វាយរៀង ។
គោលបំណងសំខាន់ដែលយើងបង្កើតក្រុមនេះឡើងគឺដើម្បីជំរុញលើកស្ទួយនិងបំផុសចនាចូលរួមគាំទ្រវិស័យកីឡាបាល់ទាត់ជម្រើសជាតិខ្មែរ ឱ្យកាន់តែប្រសើរឡើង និងមានឆន្ទៈខ្ពស់ប្រកួតប្រជែងកាន់តែខ្លាំង,ចូលរួមបំផុសគាំទ្រលីតកំពូលក្នុង និងប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងក្លា ,ចូលរួមលេងកីឡាដើម្បីសប្បុរសធម៌ និងរឹតចំណងមិត្តភាព ការរាប់អានរវាងសិល្បៈ និងសិល្បៈដូចគ្នា ។

ទន្ទឹមនឹងការបង្ហាញពីគោលបំណងសំខាន់ដែលបង្កើតក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារនេះឡើង នៅថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២៤ ខាងមុខនេះក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារ ក៏ត្រៀមនឹងរៀបចំធ្វើសន្នីសីទសារព័ត៌មានមួយ ស្តីពីការប្រកួតបាល់ទាត់សប្បុរសធម៌ ជាមួយថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “មាតាអស្ចារ្យដើម្បីស្នាមញញឹមកុមារ” ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ 8 មីនា ដោយមានការគាំទ្រពីថ្នាក់ដឹកនាំកំពូលៗផងដែរ។
លោក ខេម បានបញ្ជាក់ទៀតថា ពួកយើងធ្វើការងារនេះ មិនមែនតែមួយខេត្តឬពីរខេត្តចប់នោះទេ គឺយើងធ្វើការងារនេះក្នុងគម្រោងយូរអង្វែង យើងមានគម្រោងធ្វើការងារនៅតាមបណ្តាខេត្តនានា។ ជាក់ស្តែងកន្លងមកយើងបានជួយដល់ខេត្តធំ ២ រួចមកហើយដូចជាខេត្តស្វាយរៀង និងកំពង់ស្ពឺ ជាដើម។

លោក ខេម ក៏ដូចជាសមាជិកក្នុងក្រុម បានដាក់ចិត្តដាក់កាយក្នុងការអភិវឌ្ឍក្រុមបាល់ទាត់នេះ ឲ្យកាន់តែប្រសើរឡើង តាមរយៈកិច្ចការនេះ ខេម រំពឹងថាក្រុមរបស់ខ្លួននឹងជាចំណែកមួយអាចជួយជំរុញដល់វិស័យកីឡាឲ្យកាន់តែរីកច្រើនថែមទៀត និងស្របតាមពាក្យស្លោក «កីឡារស់នៅក្នុងសន្តិភាព »។
ក្រឡេកមកមើលមហាជនដែលស្នេហាវិស័យកីឡាបាល់ទាត់វិញ បានសម្តែងនូវការត្រេកអរ ជាមួយការបង្កើតក្រុមបាល់ទាត់មួយនេះ Cambodia football superstar យ៉ាងច្រើន ថ្វីដ្បិតតែក្រុមនេះទើបតែបង្កើតឡើងក៏ពិតមែន តែមានអ្នកស្គាល់ច្រើនគួរសម ព្រោះក្រៅតែពីសមត្ថភាព ក្រុមមួយនេះប្រជុំទៅដោយអ្នកសិល្បៈល្បីៗ ដូចនេះ រាល់ការប្រកួតម្ដងៗ មានមហាជនទៅចូលរួមទស្សនាច្រើន៕




