សព្វថ្ងៃ ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤តំបន់ ក្នុងទុនវិយោគ ១២៦លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះ  តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៤តំបន់ ដែលមានទុនវិនិយោគសរុបចំនួន ១២៦លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងនៅក្នុងទស្សនកិច្ចរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមទាំងប្រតិភូអមដំណើរ ដើម្បីចុះទៅពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់ និងពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយមានជ័យ និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួននៅក្នុងតំបន់នោះ កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ចនោះ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៤តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១២៦លានដុល្លារអាមេរិក និងបានបង្កើតការងារចំនួន ៥៨២២កន្លែង។

ជាងនេះទៀត លោក ស៊ុន ចាន់ថុល ក៏បានឱ្យដឹងដែរថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ ភាគីកម្ពុជាបានបញ្ចប់រួចរាល់ ១០០% លើការសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ដែលជាច្រកខាងភាគីកម្ពុជា ព្រមទាំងបានអនុញ្ញាត​ឱ្យ​យានយន្តអាចដឹកទំនិញឆ្លងកាត់ច្រកទ្វារអន្តរជាតិនេះបាន។ យ៉ាងណាមិញ ច្រកទ្វារអន្តរជាតិនេះនៅពុំទាន់អាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការបាននៅឡើយទេ ដោយហេតុថាត្រូវរង់ចាំភាគីថៃបញ្ចប់នីតិវិធីផ្ទៃក្នុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វាររបស់ខ្លួន។

គួរបញ្ជាក់ដែរថា បើគិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស(ត.ស.ព) កំពុងដំណើរការចំនួន ២៤ទីតាំង នៃ៩រាជធានី-ខេត្ត ជាមួយគម្រោងវិនិយោគសរុបប្រមាណ ៦៥៥គម្រោង ដែលបានផ្ដល់ការងារជាង ១៧ម៉ឺនកន្លែង។ នេះបើតាមរបាយណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕អត្ថបទ៖ រង្សី