ក្រុមហ៊ុន Minebea Cambodia ដែលជាក្រុមហ៊ុនធំមួយរបស់ជប៉ុន និងមានទុនវិនិយោគរាប់ពានលានដុល្លារ នឹងបង្កើតរោងចក្រទី២នៅកម្ពុជា ដោយយកខេត្តពោធិ៍សាត់លើដីប្រមាណ៥០ហិកតា។នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន ក្នុងដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗនេះលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ថ្មីៗនេះក្រុមហ៊ុន Minebea ដែលមានរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានសម្រេចចិត្តបង្កើតរោងចក្រទី២នៅខេត្តពោធិ៍សាត់ ដោយក្រុមហ៊ុននឹងទិញដី៥០ហិកតា ដាក់ទុនប្រហែល៦៥០លានដុល្លារអាមេរិក ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០។ហើយគម្រោងរោងចក្រនេះអាចបង្កើតការងារបាន៨ពាន់កន្លែងផងដែរ។
លោកបានបន្តថា បានជាក្រុមហ៊ុនសម្រេចចិត្តដាក់ទុនវិនិយោគបង្កើតរោងចក្រទី២នៅទឹកដីពោធិ៍សាត់ ដោយសារនៅខេត្តពោធិ៍សាត់មានរោងចក្រសូឡា ថាមពលស្អាត ទំនប់វារីអគ្គិសនីជាដើម។ដូច្នេះ ជាការសម្រេចនៅទីតាំងល្អជិតប្រទេសថៃ ម្យ៉ាងទៀតនឹងដោះស្រាយបញ្ហាច្រកទ្វារស្ទឹងបត់បានលឿនផងដែរ។លើសពីនេះ នឹងអូសទាញអ្នកវិនិយោគថែមទៀតរួមមាន ថៃបូក១ វៀតណាមបូក១ជាដើម ដែលជាការបង្កើតការងារឱ្យប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនថែមទៀត។
សូមជម្រាបជូនថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន Minebea Cambodia ដោយបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺដើម្បីតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ ខណៈក្រុមហ៊ុននេះទទួលបានលទ្ធផលល្អក្នុងដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជាតាំងពីសម្រេចដាក់ទុនវិនិយោគដំបូងនៅឆ្នាំ២០១១មក។បច្ចុប្បន្នក្រុមហ៊ុន បានកំពុងផ្ដល់ការងារដល់ប្រជាពលរដ្ឋប្រមាណជិត៧ពាន់នាក់ផងដែរ៕