កម្ពុជា ជាប់ជាប្រទេសផលិតស្រូវ និង កែច្នៃអង្ករ ឈរលេខរៀង ទី១០លើពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កម្ពុជា ក្លាយជាអ្នកផលិតស្រូវនិងកែច្នែអង្ករឈរនៅលេខរៀងទី១០ លើពិពភលោក ខណៈក្នុងមួយឆ្នាំៗ កម្ពុជាអាចផលិតស្រូវនិងកែច្នៃអង្ករបានជិត ៦លានតោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហ្វេសប៊ុករបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា៖« កម្ពុជា យើងតូចតែក៍ជាប្រទេសធំ ផលិតស្រូវ និង កែច្នៃអង្ករបានជិត ៦លានតោន ក្នុងមួយឆ្នាំដែរ លើពិភពលោក ឈរលេខរៀង ទី១០លើពិភពលោក។

ជាងនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានគូសបញ្ជាក់ពីរាជរដ្ឋាភិបាលខិតខំពីប្រទេសខ្វះស្បៀង ពីទស្សវត្សឆ្នាំ ៧០ ដល់ទស្សវត្ស ៩០ ហើយក្លាយជាប្រទេសផលិត ហើយមានអតិរេកនាំចេញ ក្រោមការដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន ជាមគ្គុទេសឯក នៃសន្តិភាពនៅកម្ពុជា ជាស្ថានិកនៃការលុបបំបាត់ភាពអត់ឃ្លាន ពឹងជំនួយស្បៀងពីខាងក្រៅ មកប្រទេសម្ចាស់ការ និង ចូលរួមផ្គត់ផ្គត់ស្បៀងលើពិភពលោក។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងទៀតថា តាមការចុះផ្សាយដោយគេហទំព័រ Southeast Asia Statistic បានបញ្ជាក់ថា ប្រទេសកម្ពុជាបានឈរនៅលំដាប់ទី១០នៅលើពិភពលោកដែលជាអ្នកផលិត និងកែច្នែស្រូវ បានជិត ៦ លានតោន ខណៈក្នុងឆ្នាំ ២០២៣ ផលិតកម្មស្រូវនិងកែច្នៃនៅអាស៊ីអាគ្នេយ៍ ត្រូវបានគ្រប់គ្រងដោយប្រទេសចំនួន ៦ រួមមាន ឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា និងកម្ពុជា។

ប្រទេសឥណ្ឌូណេស៊ី នាំមុខគេនៅតំបន់អាស៊ាន និងចំណាត់ថ្នាក់លេខ ៤ លើពិភពលោក ដែលមានផលិតស្រូវបានចំនួន ៣៤ លានតោន តាមពីក្រោយដោយប្រទេសវៀតណាម និងឈរលេខរៀងទី ៥ លើពិភពលោក ដែលផលិតស្រូវបានចំនួន ២៦,៩៤ លានតោន។

ដោយឡែក ប្រទេសថៃឈរនៅលេខ ៣ ក្នុងតំបន់ និងលេខ ៦ ក្នុងពិភពលោក បានផលិតនិងកែច្នៃសរុប ២០,៩១ លានតោន ខណៈហ្វីលីពីន ឈរនៅលេខ ៤ ក្នុងតំបន់ និងលេខ ៧ ពិភពលោក បានផលិតនិងកែច្នៃបានចំនួន ១២,៦៣លានតោន។ រីឯ ប្រទេសមីយ៉ាន់ម៉ា ផលិតស្រូវ និងកែច្នៃបានចំនួន ១១,៨ លានតោន ឈរនៅលេខ ៥ ក្នុងតំបន់ និងលេខ ៨ ពិភពលោក។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួនជាង ៦៥ ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៤៦៦ លានដុល្លារសហរដ្ឋអាមេរិក ដោយការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៣នេះ មានកំណើនលើបរិមាណ ៣ ភាគរយ និងទឹកប្រាក់មានកំណើន ១៣ ភាគរយ បើធៀបនឹងឆ្នាំ២០២២។

ជាងនេះទៀត ក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួនជាង ៤,៣៨ លានតោន ដែលមានតម្លៃជាប្រាក់ប្រមាណ ១,២៣ពាន់លានដុល្លារ។ បរិមាណនាំចេញស្រូវក្នុងឆ្នាំ២០២៣ កើនឡើង ២៦,៥០ ភាគរយ និង ទឹកប្រាក់មានការកើនឡើង ៥៦,៦៩ ភាគរយ បើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា៕