ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា វិស័យឯកជនកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនឹងរួមគ្នាច្បាមយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។ ការបង្ហាញជំនឿចិត្តនៅពេលនេះធ្វើឡើងតាមរយៈមន្រ្តីនៃគណៈកម្មាធិការវិនិយោគកម្ពុជា បានចូលរួមជាវាគ្មិនក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការឈ្វេងយល់ពីសក្តានុពលធុរកិច្ច និងវិនិយោគនៃកម្ពុជាទៅកាន់ធុរជន និងវិនិយោគិនដែលមានមូលដ្ឋាននៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានគូសបញ្ជាក់ថា វេទិកានេះអាចជួយបង្កលក្ខណៈសម្រាប់ជំរុញ និងទាក់ទាញសកម្មភាពវិនិយោគ និងពាណិជ្ជកម្មសំដៅច្បាមយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។
បន្ថែមពីនេះ លោកក៏បាននិយាយអំពីសក្តានុពល និងឧត្តមភាពប្រៀបធៀបរបស់កម្ពុជា ក៏ដូចជាព័ត៌មានចាំបាច់នានាទាក់ទិននឹងកិច្ចសម្រួលវិនិយោគ, កញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់, និងសេវាថែទាំវិនិយោគ ដើម្បីជាពុទ្ធិសម្រាប់ជំនួយស្មារតីជូនទៅដល់សមាសភាពចូលរួមក្នុងការគិតគូរពិចារណាអញ្ជើញមកធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬជាភាគហ៊ុនិកជាមួយដៃគូ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម បានកិចុះហត្ថលេខាជាផ្លូវការរួចរាល់កាលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ហើយត្រូវបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
តាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជានឹងទទួលបានទីផ្សារប្រមាណ៩៧.៨% នៃបន្ទាត់ពន្ធសរុប ឬស្មើនឹងចំនួន ៧ ៦៧៨ បន្ទាត់ពន្ធ។ មុខទំនិញសំខាន់ដែលកម្ពុជា ទទួលបានទីផ្សារ គឺស្ទើរតែគ្រប់មុខទំនិញទាំងអស់ ក្នុងនោះរួមមានមុខទំនិញកសិកម្ម មានដូចជាអង្ករ ស្វាយចន្ទី បន្លែ ផ្លែឈើ ចេក ស្វាយ ពោត ម្រេច ធុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ ជាដើម។ ចំណែកមុខទំនិញឧស្សាហកម្ម រួមមាន៖ កង់ គ្រឿងបង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី និងមុខទំនិញ វាយនភ័ណ្ឌរួមមាន កាបូបធ្វើដំណើរ ស្បែកជើង សម្លៀកបំពាក់ ប៉ុន្តែលើកលែងទំនិញហាមឃាត់ និងទំនិញពិសេសកំណត់ដែលភាពច្រើនជាគ្រឿងស្រវឹង និងសាច់ជ្រូក។
ចំណែកកម្ពុជា នឹងផ្តល់ទីផ្សារប្រមាណ ៩១.៦២% នៃបន្ទាត់ពន្ធសរុប ឬស្មើ១០ ៤៥៧ បន្ទាត់ពន្ធ។ មុខទំនិញសំខាន់ៗ ដែលកម្ពុជាផ្តល់ទីផ្សាររួមមាន៖ ប្លាស្ទិក កៅស៊ូ ផលិតផលប្រេងឆៅមួយចំនួន ក្រដាស ដែក និងដែកថែប ឧបករណ៍អគ្គិសនី យានយន្តសម្រាប់ដឹកទំនិញ ត្រាក់ទ័រ។-ល-៕