មេដឹកនាំកម្ពុជា និង ម៉ាឡេស៊ី មានសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត។ ការបង្ហាញសុទិដ្ឋិនិយមបែបនេះជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោក ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ លោកបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ព្រមទាំងបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។
ស្ថិតក្នុងជំនួបនេះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ។ សម្តេចធិបតី បានបញ្ជាក់ថា តាមរយៈការធ្វើទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកាលពីខែមីនា ឆ្នាំមុន និងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ នឹងរួមចំណែកក្នុងការធ្វើឱ្យទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជា-ម៉ាឡេស៊ី កាន់តែស៊ីជម្រៅថែមទៀត។
លើសពីនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។
ក្នុងជំនួបនេះ សមភាគីទាំងពីរ ក៏បានពិភាក្សាក្នុងការពិនិត្យលទ្ធភាពពង្រីកនូវជើងហោះហើរផ្ទាល់ពីម៉ាឡេស៊ីទៅកាន់តំបន់ទេសចរណ៍សំខាន់ៗកម្ពុជា ដូចជាខេត្តសៀមរាប ផងដែរ។ ក្នុងក្របខ័ណ្ឌ នៃវិស័យការពារជាតិ និងសន្ដិសុខ សមភាគីទាំងពីរ បានឯកភាពលើការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើលំហាត់រួមគ្នា។ ដោយឡែក លើវិស័យសន្តិសុខថាមពល សមភាគីទាំងពីរ ក៏បានឯកភាពក្នុងការគាំទ្រការសម្របសម្រួលសម្រាប់គម្រោងខ្សែបញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ដោយឆ្លងកាត់បាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។
ជាងនេះទៅទៀត សមភាគីទាំងពីរបានឯកភាពក្នុងការពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំ នៃគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នាពេលខាងមុខ ដែលដឹកនាំរួមគ្នាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ ជាទីបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត ៕