នៅព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតិឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកចំនួន ១៧ក្រុមហ៊ុន ចូលជួបពិភាក្សាការងារនៅវិមានសន្តិភាព ដែលដឹកនាំដោយលោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។

ក្រុមហ៊ុនដែលចូលជួបពិភាក្សាការងារនៅព្រឹកនេះសុទ្ធតែបាននឹងកំពុងបោះទុនវិនិយោគក្នុងពហុវិស័យនៅប្រទេសកម្ពុជា ដូចជាដូចការនាំចូលរថយន្ត បច្ចេកវិទ្យា អាហារនិងភេសជ្ជៈ សុខាភិបាល ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ព្រមទាំងធនាគារ និងហិរញ្ញវត្ថុជាដើម។
បើតាមការបញ្ជាក់លើបណ្តាញសង្គមផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត គណៈប្រតិភូចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគរបស់សហអាមេរិកចំនួន ១៧ រួមមាន៖ ក្រុមហ៊ុន Abbott ប្រចាំកម្ពុជា ជាប្រភេទក្រុមហ៊ុនធ្វើអាជីវកម្មលើអាហារូប្ថម្ភ (Nutrition), ក្រុមហ៊ុន ADM ដែលជាក្រុមហ៊ុនឈានមុខលើការផ្គត់ផ្គង់ផលិតផលអាហារ និងភេសជ្ជៈ, ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Caltex , ក្រុមហ៊ុន ConocoPhilips ដែលជាក្រុមហ៊ុនឈានមុខមួយលើពិភពលោក ក្នុងផ្នែករុករក និងផលិត ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ, ក្រុមហ៊ុន Estée Lauder Companies ដែលជាក្រុមហ៊ុនផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលគ្រឿងសម្អាង, ក្រុមហ៊ុន FedEx Express គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់លើសេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) និងសេវាកម្មធុរកិច្ច, ក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនផលិត និងតម្លើងរថយន្តដ៏ល្បីល្បាញរបស់អាមេរិក, ក្រុមហ៊ុន Jhpiego ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យសុខាភិបាល។

ក្រៅពីនោះ ក៏មានក្រុមហ៊ុនធានារ៉ាប់រង Manulife, ក្រុមហ៊ុន Mastercard ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក, ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook និង Instagram, ក្រុមហ៊ុន Pfizer ប្រចាំប្រទេសថៃ និងឧបទ្វីបឥណ្ឌូចិន។ Pfizer គឺជាក្រុមហ៊ុនផលិតឱសថ និងវ៉ាក់សាំងឈានមុខមួយរបស់អាមេរិក, ក្រុមហ៊ុន Philip Morris International។
បន្ថែមទៀតនោះក៏មានក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុនឈានមុខក្នុងការនាំចូល និងតំឡើងរថយន្ត, សម្ភារបរិក្ខារ, សេវាកម្ម និង franchises លើផ្នែកម្ហូបអាហារ , ក្រុមហ៊ុន Roche ដែលជាក្រុមហ៊ុនផ្តោតលើបរិវត្តកម្មបច្ចេកវិទ្យាលើវិស័យសុខាភិបាល, ក្រុមហ៊ុន Tilleke & Gibbins ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មមេធាវី , ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក៕











