ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានសម្រេចអនុម័តឲ្យក្រុមហ៊ុនចំនួន ២ ធ្វើការវិនិយោគលើគម្រោងចំនួន ២ ក្នុងវិស័យសណ្ឋាគារ និងកសិឧស្សាហកម្មក្នុងទំហំទុនវិនិយោគសរុបប្រមាណជាង ៥១៧លានដុល្លារអាមេរិក។
លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានឲ្យដឹងលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននារសៀលថ្ងៃពុធ ទី២៨ ខែកុម្ភៈនេះ ដោយលោកបានប្រកាសចូលរួមអបអរជាមួយប្រជាពលរដ្ឋអ្នកខេត្តព្រះសីហនុ។ លោកសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា «ថ្ងៃនេះទទួលបានការអនុញ្ញាតចុះបញ្ជីវិនិយោគចំនួន ២គម្រោងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមួយជាគម្រោងវិនិយោគសាងសង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មបោះទុនជាង ៥០០លានដុល្លារ និងគម្រោងកសិឧស្សាហកម្ម កែច្នៃផ្លែស្វាយ ខ្នុរ ធុរេន បោះទុនជាង ១៧លានដុល្លារ ដោយប្រមូលផលិតផលក្នុងស្រុកទាំងអស់»។
សូមជម្រាបថា នាពេលថ្មីៗកន្លងទៅ រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខផង និងជំរុញការអភិវឌ្ឍ សម្រាប់រយៈពេលមធ្យម និងវែងផង ខណៈដែលខេត្តព្រះសីហនុប្រឈមនឹងការរីកលូតលាស់យឺត និងមានបញ្ហាអគារជាប់គាំង បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
រាជរដ្ឋាភិបាលរំពឹងថា កម្មវិធីពិសេសនេះ នឹងចូលរួមចំណែកប្រែក្លាយមុខមាត់ និង អនាគត ខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជា តាមរយៈការដោះស្រាយបញ្ហាដែលមានចំពោះមុខ ក៏ដូចជា ការប្រើប្រាស់នូវសក្តានុពល និងធនធានអំណោយផលដែលមានស្រាប់ ក្នុងខេត្តជាប់តំបន់មាត់សមុទ្រមួយនេះ ប្រកបដោយប្រសិទ្ធភាព ។ ក្នុងស្មារតីនេះ កម្មវិធីពិសេសនេះ ត្រូវបានរចនាឡើងសំដៅដោះស្រាយគម្រោងវិនិយោគជាប់គាំង និងបញ្ហាប្រឈមនានា របស់វិស័យឯកជន ជាមួយនឹងការសម្របសម្រួលនៅនឹងកន្លែង និង ការផ្តល់ការគាំទ្រ ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ ជូនវិនិយោគិន និងធុរជន ព្រមជាមួយនឹងការជំរុញលើកកម្ពស់វិស័យឧស្សាហកម្មនានា ដោយផ្តោតលើការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ក៏ដូចជាការបង្កើនសមត្ថភាពស្ថាប័នអនុវត្ត និង ភាគីពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ៕