ស្របពេលការផ្គត់ផ្គង់ត្រសក់ផ្អែម និងផ្លែឪឡឹកលឿង ក្នុងមួយខែមានពី២៥តោន ទៅ៣៥តោននៅលើទីផ្សារ ប្រធានសមាគមត្រសក់ផ្អែមសៀមរាបមានជ័យ មានផែនការជំរុញឱ្យកសិករនៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ធ្វើការដាំដុះដើម្បីផ្គត់ផ្គង់មកខ្លួនសម្រាប់បែងចែកទៅលើទីផ្សារបន្ថែមនៅក្នុងឆ្នាំ២០២៥។
យោងតាម លោក វ៉ាន់ អៀន ប្រធានសមាគមត្រសក់ផ្អែមសៀមរាបមានជ័យបានឱ្យដឹងថា សមាគមបង្កើតឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១១ ជាមួយនិងសមាជិកដាត្រសក់ផ្អែម និងឪឡឹកលឿង មានតែនៅក្នុងបន្ទាយមានជ័យ និងខេត្តសៀមរាប តែមកឥឡូវនេះ សមាគមមានសមាជិកបន្ថែមនៅឧត្តរមានជ័យ ប៉ៃលិន និងបាត់ដំបង។
លោកលើកឡើងថា «ទាក់ទងនឹងការដាំដុះ ក៏ដូចជាការប្រកួតប្រជែងលើទីផ្សារសមាគមបានដាក់ចេញនៅផែនការរយៈពេល៥ឆ្នាំរួចហើយ គឺយើងចង់បានខេត្តរតនគិរី និងខេត្តមណ្ឌលគិរីជំរុញការដាំដុះត្រសក់ផ្អែមនិងឪឡឹកលឿង ព្រោះតំបន់នៅក្នុងខេត្តទំាងពីរនេះមានដីទំនេរច្រើន ហើយសំបូរទៅដោយដីមានជីជាតិច្រើន តែគ្រាន់វាឆ្ងាយបន្តិចទីតាំងប្រមូលផ្តុំនៅខេត្តសៀមរាប តែទោះជាយ៉ាងនេះក្តីបើយើងដាំបាន វាល្អព្រោះដំណាំទាំងនេះទាមទារប្តូរកន្លែង យើងមិនអាចដាំលើដំណាំដដែលបានទេ»។
បើតាម ប្រធានសមាគមខាងលើ នៅពេលកន្លមកកសិករនៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ក៏ចង់ដាំត្រសក់ផ្អែមនិងឪឡឹកលឿងនេះ ផ្គត់ផ្គង់មកឱ្យខាងសមាគម តែមានបញ្ហានៅត្រង់ការដឹកជញ្ជូន។ តែទោះជាបែបនេះក្តី នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ ខាងសមាគមត្រសក់ផ្អែមសៀមរាបមានជ័យនឹងបង្កើត ឱ្យមានអនុប្រធាន និងប្រធានតំបន់នៅក្នុងខេត្តទំាងពីរនេះបានហើយ សមាគមនឹងពង្រីកទីផ្សារនៅកាន់ខេត្តគោលដៅខាងលើ ដោយឱ្យកសិកធ្វើការដាំដុះហើយផ្គត់ផ្គង់ត្រសក់ផ្អែមនិងឪឡឹកលឿងជូនសមាគម។
លោក វ៉ាន់ អៀន បានអះអាងថា«ទាក់ទងខេត្តគោលដៅខាងលើ យើងត្រូវតែធ្វើឱ្យបាន ដើម្បីឆ្លើយតបទៅនិងផែនការរយៈពេល៥ឆ្នាំដែលសមាគមបានដាក់ចេញ។ ដូចនេះដើម្បីប្រកួតប្រជែងជាមួយទីផ្សារខាងក្រៅ យើងត្រូវការជំរុញការផលិតឱ្យបានតាមផែនការ ហើយការដឹកជញ្ជូនយើងគិតថានៅពេលខាងមុខនេះ សមាគមនឹងមានរថយន្តដឹកទំនិញដោយខ្លួន សង្ឃឹមថាអាចនិងកាត់បន្ថយបានការចំណាយមួយចំនួនផងដែរ»៕ តាកែវ