សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នាទីក្រុងម៉ែលប៊ន នៅសប្តាហ៍ក្រោយ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការបរទេស នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលធ្វើឡើងនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេស បានឱ្យដឹងថា ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី។ ទស្សនកិច្ចនេះ នឹងអញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ លោក សុខ ចិន្តសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងមន្ត្រី សំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាប់ជូនថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ថ្នាក់ដឹកនាំ គ្រោងនឹងអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី។

ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគី ជាមួយ លោក អេនថូនី អាល់បានីស៊ី និងសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត៕