ក្រុមហ៊ុន FreshStart Energy មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជាលេីការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប ក្នុងការគ្រប់គ្រងថាមពលអគ្គិសនី។ ការបង្ហាញសេចក្តីប៉ងរបស់ក្រុមហ៊ុនធ្វើឡើងនៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ពីថ្នាក់ដឹកនាំក្រុមហ៊ុន FreshStart Energy នារសៀលថ្ងៃទី២ ខែមីនានេះនៅទីក្រុងម៉ែលប៊ន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី។
ក្នុងឱកាសនៃជំនួប ថ្នាក់ដឹកនាំក្រុមហ៊ុន FreshStart Energy អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart ហើយកំពុងមានប្រតិបត្តិការនៅប្រទេសអូស្រ្តាលី និងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម ដែលនៅក្នុងប្រទេសអូស្ត្រាលី ក្រុមហ៊ុនរបស់លោក បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងការប្រេីប្រាស់ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម។
ក្រុមហ៊ុន FreshStart Energy បញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ សម្រាប់ការប្រើប្រាស់ថាមពលអគ្គីសនី ប្រកបដោយប្រសិទ្ធភាព គុណភាព និងសន្សំសំចៃខ្ពស់។ ជាមួយគ្នានេះក្រុមហ៊ុនបានបង្ហាញបំណងវិនិយោគនៅកម្ពុជាដោយនាំយកបច្ចេកវិទ្យាទំនើបនៃការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនី។
សម្រាប់ក្រុមហ៊ុន FreshStart Energy ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា គោលបំណងរបស់កម្ពុជា គឺមិនត្រឹមតែពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនប៉ុណ្ណោះទេ ថែមទាំងមានបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិង ឯកជននៃប្រទេសទាំងពីរផងដែរ។
ចំពោះវិស័យថាមពល សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា បណ្ដាប្រទេសជាច្រើនទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកបានយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មវិស័យថាមពល ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យថាមពលនេះដែរ។ បន្ថែមពីនេះ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងរ៉ែ និងថាមពល ដើម្បីស្ថាប័នទាំងពីរអាចជួយសម្របសម្រួល និងគាំទ្រដល់ការរៀបចំនូវគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕