ប្រមុខរាជរដ្ឋាភិបាល ប្រាប់ដំណឹងនៃការទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD មកបណ្តាក់ទុនបង្កើតរោងចក្រនៅប្រទេសកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋរបស់ខ្លួនកាន់តែច្រើនថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នាថ្ងៃទី ៣ខែមីនា ឆ្នាំ២០២៤ លើកឡើងថា ប្រជាពលរដ្ឋកាលពីមុនភាគច្រើនធ្វើការងារតែក្នុងវិស័យកាត់ដេរ ប៉ុន្តែឥឡូវនេះចាប់ផ្តើមធ្វើនៅក្នុងរោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី និងធ្វើការក្នុងរោងចក្រដំឡើងរថយន្ត ហើយនាពេលខាងមុខកម្ពុជានឹងធ្វើកាន់តែខ្ពស់ជាងនេះ។

សម្តេចធិបតីថ្លែងថា «ឥឡូវនេះកម្ពុជា កំពុងទាក់ទងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) BYD របស់ចិន មកបើករោងចក្រនៅកម្ពុជា ដែលក្រុមហ៊ុននេះ កំពុងមានការប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla របស់អាមេរិក»។ ការណ៍ដែលក្រុមហ៊ុន BYD ចាប់អារម្មណ៍បង្កើតរោងចក្រនៅកម្ពុជា ត្រូវបានសម្តេចធិបតីនាយករដ្ឋមន្រ្តីបញ្ជាក់ថា ដោយសារគេមើលឃើញប្រទេសកម្ពុជា លើកត្តា ៣សំខាន់ៗ ទី១. កម្ពុជា មានសុខសន្តិភាព និងស្ថិរភាព, ទី២. ការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ និងទី ៣. ធនធានមនុស្សប្រកបដោយភាពប្រកួតប្រជែង។

សូមជម្រាបជូនថា បើទោះបីជាក្រុមហ៊ុន BYD មិនទាន់បានមកបង្កើតរោងចក្រដោយផ្ទាល់នៅកម្ពុជាយ៉ាងណាក្តី តែបច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំឈានមុខគេមួយវ៉ាដាច់ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk បានបើកការិយាល័យតាំងបង្ហាញលក់រថយន្តរបស់ខ្លួននៅរាជធានីភ្នំពេញកាលពេលកន្លងទៅ ដែលជាការវិនិយោគរួមគ្នារវាងអ្នកវិនិយោគិនទាំងក្នុងស្រុកនិងបរទេសចំនួន៤រូប រួមមាន៖ ឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ នាយកក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប, លោក Ly David, លោក Lim Kokloong និងអ្នកស្រី សុខ គីមជាដើម៕