ការផ្គត់ផ្គង់បន្លែនៅក្នុងស្រុកអាចទាញយកចំណែកទីផ្សារពីការនាំចូលបន្លែខាងក្រៅបាន៣០%ក្នុងរយៈពេល២ឆ្នាំទៀត

សង្គម​ និង​សេដ្ឋកិច្ច

នៅប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់នៅតាមតំបន់មួយចំនួន មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីប្រជាពលរដ្ឋងាកមកគាំទ្រ និងប្រើប្រាស់បន្លែក្នុងស្រុក។ ផ្អែកលើការគាំទ្រនេះត្រូវបានប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជាធ្វើការ វាយតម្លៃថា ការផ្គត់ផ្គត់បន្លែដែលដាំដុះដោយប្រជាកសិករក្នុងស្រុកអាចទាញយកចំណែកទីផ្សារពីនាំចូលបន្លែពីខាងក្រៅបានរហូតដល់៣០%ក្នុងរយៈពេល២ឆ្នាំទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជួ មករា ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជាបានឱ្យដឹងថា ផ្សារទំនើប ពួកគាត់មិនអាចទទួលយកបន្លែពីយើងបានច្រើននៅឡើយនោះទេ ទើបតែបាន៧០ទៅ៨០% ខណៈការដាំបន្លែនៅក្នុងស្រុក សព្វថ្ងៃនៅមិនទាន់អាចទាញយកចំណែកទីផ្សារនៃការនាំចូលបន្លែពីខាងក្រៅ ទើបបានប្រហែល៥%ប៉ុណ្ណោះ ដោយសារកសិករក្នុងស្រុកគាត់មិនទាន់ប្រមូលផ្តុំគ្នាឱ្យពេញលេញ។ ដូចនេះការនាំចូលបន្លែមកពីខាងក្រៅនៅមានចំនួនច្រើនលើសលុបដដែល។

លោក ជួ មករា សង្កត់ធ្ងន់ថា «ទោះជាបែបនេះក្តី ខ្ញុំគិតថានៅក្នុងរយៈពេលយ៉ាងយូរ២ឆ្នាំទៀត យើងអាចទាញយកចំណែកទីផ្សារពីការនាំចូលបន្លែមកពីខាងក្រៅបានច្រើន អាចឈានទៅពី២០ទៅ៣០% ដោយសារពលរដ្ឋមាននិន្នាការពលរដ្ឋគាំទ្របន្លែក្នុងស្រុក ហើយពលរដ្ឋព្យាយាមដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ និងម្យ៉ាងទៀតរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអាទិភាពទី៥និងទី៦ បង្កើតឱ្យមានសហគមន៍កសិកម្មទំនើបប្រមូលផ្តុំឱ្យមានការផលិតរួមគ្នា។ លើសពីនេះការដាំបន្លែនៅទីវាលមកដល់ពេលនេះវាជួបបញ្ហានៅពេលអាកាសធាតុប្រែប្រួល ធ្វើឱ្យកើតនៅសត្វល្អិតកាន់តែច្រើន ជាហេតុធ្វើឱ្យកសិករពិបាកក្នុងការដាំដុះ»។

បើយើងតាម លោក ជួ មករា ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា បច្ចុប្បន្នកសិករស្ថិតនៅក្នុងផែនការផលិតកម្មមានចំនួន៥០គ្រួសារ បើគិតជាចំនួនរោងផ្ទះសំណាញ់មានចន្លោះពី៤០០ទៅ៥០០ខ្នង ហើយក្នុងមួយថ្ងៃអាចប្រមូលផលបន្លែចម្រុះពី១តោនទៅ២តោន៕ តាកែវ