ក្រុមហ៊ុនអូស្រ្តាលី ចង់វិនិយោគបង្កើតរោងចក្រកែច្នៃដំណាំស្ពៅនៅកម្ពុជា រួចនាំចេញទៅក្រៅប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Enserv Holding Australia បង្ហាញបំណងវិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ការលើកឡើងនេះ បានបង្ហាញឡើងនៅក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនខាងលើ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ខណៈលោកក៏បានព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី បន្ថែមទៀតថា ដំណាំស្ពៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ។

ហេតុនេះ លោកប្រធានក្រុមហ៊ុន បន្ថែមទៀតថា៖« ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជាដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ ក្រុមហ៊ុន មានបំណងស្វែងរកឱកាស វិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស»។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងបានបញ្ជាក់ផងដែរថា ដូចនីតិកាលមុនៗដែរ គោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ គឺបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ដើម្បីជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជា។

គួរបញ្ជាក់ដែរថា ដើម្បីឱ្យការវិនិយោគអាចដំណើរការទៅបាន សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ៕អត្ថបទ៖ រង្សី