ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានមើលឃើញថា តម្លៃដឹកជញ្ជូននៅកម្ពុជាបច្ចុប្បន្ន ខ្ពស់ជាងគេ ប្រមាណជាង ២០% បើធៀបជានឹងបណ្តាប្រទេសអាស៊ាន។
ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយឧកញ៉ាញូស៍ កាលពីពេលថ្មីនេះៗ ឧកញ៉ា ស៊ិន ចន្ធី បានឱ្យដឹងថា កម្ពុជានៅតែមាន តម្លៃដឹកជញ្ជូន និងឡូជីស្ទិកខ្ពស់ជាងគេ បើធៀបជាមួយបណ្តាប្រទេសអាស៊ាន ហើយតម្លៃខ្ពស់នេះមិនមែន នៅលើតម្លៃដឹក ជញ្ជូន មួយនោះទេ នៅមានកត្តាផ្សេងៗទៀត ដែលធ្វើឱ្យយើងមានផលប៉ះពាល់ ក៏ដូចជាតម្លៃដឹកជញ្ជូន នៅកម្ពុជាខ្ពស់ជាង គេ។
កត្តាតម្លៃដឹកជញ្ជូន ខ្ពស់ នេះ លោកឧកញ៉ា យល់ ថា មក ពី កត្តាសំខាន់ៗមួយចំនួនរួមមាន៖ ទី១) ទាក់ទងនឹងហេដ្ឋា រចនា សម្ព័ន្ធ៖ មធ្យោបាយនៃការដឹកជញ្ជូនតាមផ្លូវរថភ្លើងមិនទាន់បានគ្រប់ទៅនឹងតម្រូវការរបស់យើងទេ។ ម្យ៉ាង ទៀត យើងនៅ មាន ការ ប្រើ ប្រាស់បានតិចតួចបំផុត បើធៀបនិងការដឹកជញ្ជូនតាមផ្លូវរថយន្ត (នេះជាការធ្វើឱ្យថ្លៃដើមយើងខ្ពស់ជាងគេ) ទី២) ការធ្វើបែបបទផ្សេងៗ(បែបបទនៃការនាំចេញ) ក៏យើងនៅមិនទាន់ល្អ ១០០%ដែរ ទោះបីជាពេលនេះរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គយ និងរដ្ឋាករខិតខំធ្វើដាក់ចេញឱ្យដំណើរការហើយ កន្លងមកយើងមិនទាន់ បានប្រើប្រាស់ បាន ១០០%ទេ បានប្រហែល៥០ទៅ៦០%ប៉ុណោះ ហេតុនេះហើយយើងនៅតែមិនទាន់បានកាត់បន្ថយដល់កម្រិតទេ មានន័យថាការប្រើប្រាស់ របស់យើងនៅមានកម្រិតនៅឡើយ។ ទី៣) ការដឹកជញ្ជូនមិនទាន់មាន ទៅនិងមកនៅឡើយ គឺមាន តែមួយផ្លូវ មានន័យថាមានតែដឹកទៅតែមិនមានដឹកមក ដូច្នេះការយកតម្លៃថោកមិនទាន់បានទេ។
លើសពីនេះ លោកឧកញ៉ា គិតថា នៅមានកត្តាផ្សេងៗដែលយើងនៅមានកម្រិតខ្ពស់ជាងគេនៅឡើយ ទាក់ទងការធ្វើឡូ ជីស្ទិក នេះ ក៏ដូចជាការប្រើប្រាស់អគ្គិសនីក៏នៅតែមានការខ្ពស់ជាងគេ។ ប៉ុន្តែកិច្ចការនេះ នៅក្នុងយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាល គឺខិតខំពង្រឹងបញ្ហានេះ ដើម្បីធ្វើឱ្យមានការប្រកួតប្រជែងនឹងប្រទេសជិតខាងផងដែរ។
លោកឧកញ៉ាបន្តថា នៅប្រទេសថៃថ្លែដឹកជញ្ជូនរបស់គេនៅកម្រិតតែ ១៤,៦៥% ប៉ុណ្ណោះទេ សម្រាប់នៅវៀតណាម ប្រហែល មិនដល់ ២០%ទេ នៅកម្ពុជា ២៦,៤៦% ខណៈដែលប្រទេសសាំងហ្គាពួរ មានត្រឹមតែ ៨% ប៉ុណ្ណោះ។
ទាក់ទងនឹងបញ្ហានេះ លោកឧកញ៉ាប្រធានសមាគម ក៏បានលើកឡើងពីដំណោះស្រាយ ដើម្បី ឱ្យ ក្រុមហ៊ុន អាច ដំណើរការ ប្រក្រតីបាន គឺមានតែយើងសម្រប ខ្លួន វិញ មានន័យថាក្រុមហ៊ុននីមួយៗមានការកាត់បន្ថយតាំងពីថ្លៃដើម តាំងពីបុគ្គលិក តាំងពីការប្រើប្រាស់ធនធាន ផ្សេងៗតាម របៀបស្ងប់ស្ងាត់ មិនមែនធ្លាក់ចុះហើយផ្អើលនោះទេ។ នេះជាយុទ្ធសាស្រ្តមួយ ដែលកាត់បន្ថយតាមរបៀបស្ងប់ស្ងាត់ ធ្វើ ឱ្យក្រុមហ៊ុនមានសភាពធន់ និងមិនក្ស័យធន៕