លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group បានបង្ហាញពីបំណងរបស់ខ្លួនថា ចង់បោះទុនវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនក៏រោងចក្រកែច្នៃផលិតផលពីផ្លែឈើ ដើម្បីនាំចេញទៅបណ្តាទីផ្សារអាស៊ី និងពិភពលោកស្រាប់។
ថ្លែងក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group បានឱ្យដឹងថា ក្រុមហ៊ុនលោកមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ាន។
លោកបានបន្តថា៖« ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនក៏មានរោងចក្រក្នុងការកែច្នៃផលិតផលពីផ្លែឈើដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ ហើយក្រុមហ៊ុនក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន»។
ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែលជាជំនាញរបស់ក្រុមហ៊ុន SPC Groupផងដែរ។
ជាការឆ្លើយតបទៅនឹងបំណងវិនិយោគរបស់ក្រុមហ៊ុនខាងលើនេះ សម្ដេចធិបតី បានស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
យ៉ាងណាមិញ នៅក្នុងឱកាសនោះដែរ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញនៃបរិស្ថានវិនិយោគដែលមានភាពប្រាកដនិយម អនុគ្រោះ និងបត់បែន ដោយរាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយ ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការលើកទឹកចិត្តនានា សម្រាប់វិនិយោគិន និងធុរជន ជាពិសេសលើវិស័យកសិកម្មជាដើម៕ អត្ថបទ៖ រង្សី