តើនាយករដ្ឋមន្រ្តីកម្ពុជា ពិភាក្សាអ្វីខ្លះជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី នៅប្រទេសអូស្រ្តាលី?

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក លី សៀន ឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យនយោបាយ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ទេសចរណ៍ សន្ដិសុខថាមពល និង ការពារជាតិនិងសន្ដិសុខជាដើម។

លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈអំពីកិច្ចជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំប្រទេសទាំងពីរ ការតភ្ជាប់ និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ចំពោះវិស័យនយោបាយ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការរៀបចំកិច្ចពិគ្រោះនយោបាយឡើងវិញ និង បានឯកភាពជំរុញឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងកម្ពុជា និងសិង្ហបុរី នៅពេលខាងមុខ ។

ចំណែកវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពលើការជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ ដោយបានលើកទឹកចិត្តឱ្យមានការជំរុញកិច្ចសហប្រតិប្តតិរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យមានគំនិតផ្តួចផ្តើម និង ផែនការសកម្មភាពជាក់លាក់។

រីឯវិស័យការពារជាតិភាគីទាំងពីរក៏បានឯកភាពគ្នាទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដែលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអិនធើណែត (Cybercrime) ល្បែងស៊ីសងអនឡាញច្បាប់នានា។

ពាក់ព័ន្ធនឹងវិស័យសន្តិសុខថាមពលវិញ សម្ដេចធិបតី បានជម្រាបជូននាយករដ្ឋមន្រ្តីសិង្ហបុរីថា នាឱកាសនៃជំនួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ថ្មីៗនេះ ភាគីម៉ាឡេស៊ី បានឯកភាព និងគាំទ្រលើការតភ្ជាប់បណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ ដែលជាបណ្តាញសម្រាប់តភ្ជាប់អគ្គិសនីពីឡាវមកសិង្ហបុរី កាត់តាមកម្ពុជា។

ដោយឡែក ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សម្ដេចធិបតីបានបញ្ជាក់ថាកម្ពុជាបានដាក់ចេញនូវកម្មវិធីទស្សនាខេត្តសៀមរាបឆ្នាំ ២០២៤ ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការរៀបចំនូវយន្តការនៃការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដោយមានការចូលរួមពីវិស័យឯកជន។

ទន្ទឹមនឹងនោះ សម្តេចធិបតីបានគូសបញ្ជាក់ថាប្រទេសទាំងពីរគួរបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត តាមរយ:កាបង្កើតផលិតផលទេសចរណ៍ឱ្យកាន់តែមានភាពសម្បូរបែប និងទាក់ទាញ បង្កនូវភាពងាយស្រួល និងពង្រីកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ៕