ក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០២៤ នេះ កម្ពុជា រកចំណូលបានជាង១១ លានដុល្លារពីលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ។ចំនួននេះ មានការកើនជាង ៥០ %បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ កន្លងទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេល ២ខែ ឆ្នាំ២០២៤ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិសរុប ២៣៥ ៨៥០នាក់ ដែលរកប្រាក់ចំណូលបាន ១១ ២៣៤ ៦៧៥ដុល្លារអាមេរិក។
សេចក្តីប្រកាសដដែល បានឱ្យដឹងថា៖« ចន្លោះពីខែមករា-ខែកុម្ភៈ ឆ្នាំ ២០២៤ មានភ្ញៀវបរទេសចំនួន ២៣៥ ៨៥០ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ៥០,២៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ ចំណែកទឹកប្រាក់ដែលទទួលបាន គឺចំនួន ១១,២៣ លានដុល្លារ កើនឡើង ៥២,០៩ ភាគរយ»។
ក្រៅពីចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថាននេះក៏រកប្រាក់បាន ៨៦ ៩៤០ ដុល្លារពីភ្ញៀវបរទេសទិញសំបុត្រចូលទស្សនាតំបន់ប្រាសាទកោះកេរ, និង ២០៦ ២៩៨ ដុល្លារពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។នេះបើតាមសេចក្តីប្រកាសខាងលើ។
ទន្ទឹមនោះដែរ ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ ដល់ភ្ញៀវទេសចរអន្តរជាតិ រយៈពេល ២ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៥ ៧៩៦នាក់ ស្មើនឹង ៨៦ ៩៤០ដុល្លារ។
គួរបញ្ជាក់ដែរថា គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបង្កើតឡើងកាលពីឆ្នាំ ២០១៦ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន៖ រមណីយដ្ឋានអង្គរ, ប្រាសាទកោះកេរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ ថ្ងៃមានតម្លៃ ៣៧ ដុល្លារ, រយៈពេល ៣ ថ្ងៃតម្លៃ ៦២ ដុល្លារ និង ៧ ថ្ងៃ មានតម្លៃ ៧២ ដុល្លារ៕ អត្ថបទ៖ រង្សី