កូនខ្មែរមួយរូបតស៊ូពីអ្នករត់តុក្លាយជាម្ចាស់ភោជនីយដ្ឋានដល់៣សាខានៅប្រទេសថៃកំពុងទាក់ទាញភ្ញៀវជិត១០ប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

ពីកូនកសិកររស់នៅខេត្តកំពត និងធ្លាប់ធ្វើការជាអ្នករត់តុនៅប្រទេសថៃដើម្បីយកប្រាក់ទំនុបបំរ៉ុងការសិក្សា លោក ខៀវ សុភ័ត្រា តស៊ូប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនរហូតកែប្រែវាសនារបស់ខ្លួនក្លាយជាម្ចាស់ភោជនីដ្ឋានខ្មែរចំនួន ៣សាខានៅលើប្រទេសថៃ ឈ្មោះថា «Angkor restaurant_ហាងម្ហូបខ្មែរ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ខៀវ សុភ័ត្រា ម្ចាស់ភោជនីដ្ឋាន Angkor restaurant ហាងម្ហូបខ្មែរ បានប្រាប់សារព័ត៌មានឧកញ៉ាញូស៍ថា បច្ចុប្បន្ននេះភោជនីដ្ឋានរបស់លោកមានចំនួន ៣សាខាហើយនៅក្នុងប្រទេសថៃ ហើយកំពុងតែមានភាពល្បីល្បាញជាខ្លាំងអាចទាក់ទាញភ្ញៀវជនជាតិបរទេសមកគាំទ្រភោជនីដ្ឋានរបស់លោកដល់ទៅជិត ១០ប្រទេសឯណោះ ពោលក្នុងមួយថ្ងៃហាងមានភ្ញៀវចូលទៅភ្លក់ម្ហូបខ្មែរប្រហែលជាង ៥០០នាក់។

លោក សុភ័ត្រា និយាយថា «កាលពេលសម្ពោធសាខាទី១ និងទី២ ខ្ញុំធ្វើជាលក្ខណៈតូចតាចទេ ប៉ុន្តែសម្រាប់សាខាទី៣នេះគឺធ្វើយ៉ាងអធិកអធមដោយបានចំណាយទុនប្រមាណជាង ៦ម៉ឺនដុល្លារឯណោះសម្រាប់ការបើកសាខាទី៣ នេះ។ ហើយសាខាទី៣ នេះដែរ គឺពិតជាមានកិត្តិយសខ្លាំងមែនទែន ដោយសារតែមានការអញ្ចើញចូលរួមពីឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងម្ចាស់អាជីវកម្ម ព្រមទាំងអ្នកជំនួញធំៗនៅថៃមកចូលរួម»។

លោកនិយាយបន្តថា មូលហេតុដែលធ្វើឱ្យលោកចាយទុនខ្ទង់ម៉ឺនដុល្លារដើម្បីបើកសាខាភោជនីដ្ឋានម្ហូបខ្មែរ ដល់ទៅ៣សាខានៅប្រទេសថៃ ដោយសារតែលោកចង់ឱ្យជនជាតិបរទេសស្គាល់អំពីម្ហូបខ្មែរឱ្យកាន់តែច្បាស់ ម្យ៉ាងទៀតនោះគឺលោកចង់លើកកិត្តិយសមុខមាត់ខ្មែរដែលអាចមានហាងម្ហូបខ្មែរបែបអង្គរប្រចាំទីក្រុងបាកក ព្រោះជាទូទៅយើងធ្លាប់តែឃើញហាងម្ហូបរបស់ភូមា ហាងថៃ ហាងវៀតណាម ហាងចិននៅប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែនាពេលនេះហាងម្ហូបខ្មែរមាននៅក្នុងប្រទេសថៃជាលើកដំបូងហើយដែលមានឈ្មោះហាងម្ហូបខ្មែរអង្គរប្រចាំប្រទេសថៃ។

តាមរយៈការបណ្តាក់ទុននៅលើប្រទេសថៃរបស់លោក សុភ័ត្រា សរបញ្ជាក់ឲ្យឃើញថា កូនខ្មែរសម័យថ្មីគឺកាន់តែខ្លាំងពូកែ បើទោះបីធ្លាប់ជួបឧបសគ្គច្រើនយ៉ាងណាក៏មិនចុះចាញ់តស៊ូរហូតក្លាយជាម្ចាស់ភោជនីដ្ឋាន Angkor restaurant ហាងម្ហូបខ្មែរ នៅថៃដល់ទៅ៣សាខា។

ជាមួយគ្នានេះ សម្រាប់បងប្អូនខ្មែរដែលបានទៅលេងប្រទេសថៃលោក ខៀវ សុភ័ត្រា អំពាវនាវសូមអញ្ជើញទៅគំាទ្រហាងម្ហូបខ្មែរ និងម្ហូបថៃប្រមាណជាង ៥០មុខ ហើយចំណុចពិសេសនៃសាខាទី៣ នេះគឺមានកន្លែងកក់ធ្វើខួបកំណើត កម្មវិធីប្រជុំ ដោយមានកន្លែងអង្គុយដល់ទៅ ៦០នាក់ឯណោះ ហើយបើកលក់ចាប់ពីម៉ោង ១០ព្រឹកដល់១១ យប់។ សម្រាប់បងប្អូនដែលចង់ទៅភ្លក់ម្ហូបកូនខ្មែរនៅប្រទេសថៃ អាចទៅតាមសាខាទាំង៣ នេះបាន៖សាខាទី១៖ ភោជនីដ្ឋានខ្មែរអង្គរសាខាទី១ ស្ថិតនៅផ្លូវផេតបុរី ១៥ លេខទំនាក់ទំនង ០៨០ ៥២ ៤៤ ១៧២ /សាខាទី២៖ ភោជនីដ្ឋានខ្មែរអង្គរសាខាទី២ ស្ថិតនៅក្នុងមន្ទីរផាយ៉ាថៃ១ លេខទំនាក់ទំនង ០៩៤ ៦១ ៩៥​៥២១/ សាខាទី៣៖ ភោជនីដ្ឋានខ្មែរអង្គរសាខាទី៣ ស្ថិតនៅផ្លូវផេតបុរី១៣ លេខទំនាក់ទំនង ០៩៤ ៨១ ៤១ ១៩៥៕