ក្រុមវិនិយោគិនចិនជាច្រើនរូបដែលកំពុងបណ្តាក់ទុនក្នុងខេត្តព្រះសីហនុបានបង្ហាញនូវចំណាប់អារម្មណ៍ និងអបអរសាទរ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាលដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា។

ការបង្ហាញអារម្មណ៍យ៉ាងដូច្នេះពីក្រុមវិនិយោគិនចិនធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី«ការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ» នាព្រឹកថ្ងៃពុធ ទី១៣ ខែមីនានេះ ស្ថិតនៅសណ្ឋាគារសុខា ដែលរៀបចំដោយក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំពីលោក ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
ក្រុមវិនិយោគិនចិនបានលើកឡើងស្រដៀងគ្នាថា «ពួកគេបានចូលរួមចំណែកជាសក្ខីភាពមួយនៅក្នុងការអភិវឌ្ឍមានសន្ទុះយ៉ាងលឿនរបស់ប្រទេសកម្ពុជា ហើយពួកយើងដែលអ្នកវិនិយោគបរទេសពិតជាអំណរសាទរចំពោះការដាក់ចេញកម្មវិធីពិសេសជំរុញការដោះស្រាយបញ្ហានៅខេត្តព្រះសីហនុពីរាជរដ្ឋាភិបាលកម្ពុជា»។

ទន្ទឹមនឹងនេះក្រុមវិនិយោគិនទាំងនោះសុទ្ធតែបង្ហាញនូវបញ្ហាចំពោះមួយ ហើយស្នើសុំឲ្យក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុធ្វើការដោះស្រាយដើម្បីអាចបន្តការសាងសង់។ ជាការឆ្លើយតបប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍រាល់បញ្ហារបស់ក្រុមវិនិយោគិនចិន ព្រមទាំងស្នើឲ្យមានការដាក់សំណើរមកកាន់ក្រុមការងារចូលរួមប្រឹក្សាយោបល់ និងការរៀបចំការស្នើការលើកទឹកចិត្តពិសេស។
ពាក់ព័ន្ធនឹងការលើកឡើងបញ្ហាចំមុខរបស់ក្រុមវិនិយោគិនចិន លោក ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានលើកឡើងថា ការងារនេះគឺជាជំហានទីពីររបស់ក្រុមការងារ ទី១រឿងដោះស្រាយបញ្ហាអគារជាប់គាំង និងទី២ ជំរុញការវិនិយោគថ្មីឆ្នាំ២០២៤ដើម្បីពង្រីកការវិនិយោគរបស់ក្រុមវិនិយោគ។ លោកបញ្ជាក់ថា ក្រុមការងារជំនាញក្រសួងដែនដីនគរូបណីយកម្ម និងសំណង់ បានចូលរួមធ្វើការវាយតម្លៃសំណង់ គិតគូរពីគុណភាព និងច្បាប់ជាដើម។

សូមជម្រាបជូនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន៤រួមមាន៖ ទី១៖ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស ទី៣៖ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទៅនឹងគោលនយោបាយ និង យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល និងទី៤៖ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និង ការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម និង មានឧត្តមភាពប្រកួតប្រជែងខ្ពស់។
កម្មវិធីពិសេសនេះ មានគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និងមានសម្ទុះលឿន ដោយផ្តោតលើគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចចំនួន៣ប្រភេទ រួមមាន៖ ១៖ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និង ចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៤ ២៖ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើមដំណើរការបានភ្លាមនៅក្នុងឆ្នាំ២០២៤ ៣៖ ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤៕






