សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅ មន្ទីរពេទ្យតេជោសែនកោះធំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ បន្ទាប់ពីកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ សម្តេចធិបតីបានអះអាងថា មន្ទីរពេទ្យនេះ គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយនៅកម្ពុជា។

ថ្លែងក្នុងពិធីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីជឿជាក់ដែរថា ការសាងសង់ឡើងនៃមន្ទីពេទ្យនេះ គឺដើម្បីលើកកម្ពស់ការថែទាំសុខភាពរបស់អ្នកស្រុកកោះធំ ដែលមានតម្រូវការចាំបាច់លើផ្នែកសេវាថែទាំសុខភាពបឋម និងការសង្គ្រោះបន្ទាន់ ក៏ដូចជាដើម្បីចូលរួម ចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនថែមទៀត។
សូមជម្រាបជូនថា មន្ទីរពេទ្យតេជោសែនកោះធំនេះ សាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុប ប្រមាណជា ១០លានដុល្លារ សម្រាប់ការសាងសង់។

មន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានបើកការដ្ឋានសាងសង់ឡើង កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នៅលើផ្ទៃដីទំហំ ១,៤៧ ហិកតា មានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះធំ តាមបណ្តោយផ្លូវជាតិលេខ២១។ អាគារមន្ទីរពេទ្យមានទំហំសរុប ១៣.០០០ម៉ែត្រក្រឡា មាន១៥០គ្រែ បំពាក់ដោយឧបករណ៍សម្ភារបរិក្ខារបច្ចេកទេសទំនើបៗ កម្រិតស្តង់ដាថ្នាក់ជាតិ ដើម្បីបម្រើឱ្យការព្យាបាល។ ។
មន្ទីរពេទ្យតេជោកោះធំនេះ ត្រូវបានរាជរដ្ឋាភិបាល បង្ហាញក្តីជឿជាក់ថា នឹងដើរតួនាទីសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ឬរាជធានីភ្នំពេញ ដែលឆ្ងាយពីមូលដ្ឋានរបស់ខ្លួន។ ជាពិសេស នឹងចូលរួមបំពេញតម្រូវការសេវាព្យាបាលជំងឺទូទៅ និងសេវាត្រួតពិនិត្យសុខភាព ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក្នុងស្រុកកោះធំ ស្រុកស្អាង ស្រុកលើកដែក និងស្រុកព្រៃកប្បាស់ នៃខេត្តតាកែវ ផងដែរ៕ អត្ថបទ៖រង្សី












