២ខែដើមឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម មានទំហំជាង ៨.១ពាន់លានដុល្លារ កើនឡើង ១៩.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ក្នុងនោះការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជាកើនឡើងជាង២២%។នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍ខាងលើបានឱ្យដឹងថា គិតត្រឹមខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤កម្ពុជាបាននាំចេញទំនិញសំខាន់ៗ គិតជាទឹកប្រាក់ប្រមាណជាង ៣.៩ពាន់លានដុល្លារ កើនឡើង២២.៧% ខណៈការនាំចូលទំនិញមកវិញជាង ៤.១ពាន់លានដុល្លារ កើនឡើងប្រមាណ១៦.១%។
បើតាមរបាយការណ៍ដដែល បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូរួមមាន ប្រទេសចិនស្ថិតនៅលេខរៀងទី១ក្នុងទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារ, វៀតណាម មានទឹកប្រាក់ជាង១,៤ពាន់លានដុល្លារ, អាមេរិកប្រមាណ១,៣ពាន់លានដុល្លារ ប្រទេសថៃ ជាង៧៥០លានដុល្លារ, ជប៉ុនប្រមាណ៣២៥លានដុល្លារ, ឥណ្ឌូនេស៊ីមានទឹកប្រាក់១៩១ លានដុល្លារ និងបណ្តាប្រទេសមួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ថា ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី គ្រាប់ធញ្ញជាតិ បន្លែ ស្បែកជើង កៅស៊ូ និងគ្រឿងសង្ហារឹមជាដើម។
លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានឱ្យដឹងថា ការនាំចេញរបស់កម្ពុជារយៈពេល២ខែ នៅដើមឆ្នាំ២០២៤នេះឃើញថាមានកំណើនល្អ បើយើងធៀបឆ្នាំ២០២៣។
លោកបន្តថា ចំពោះការនាំចេញនេះ គឺកម្ពុជាមានការកើនឡើងខ្លាំងដែលយើងឃើញថាតាមរបាយការណ៍របស់គយ ២ខែដំបូងមានសន្ទុះខ្លាំង ហើយសន្ទុះខ្លាំងនេះបណ្តាលមកពីកត្តា២៖ ទី១, ទីផ្សារRCEP របស់យើងមានការរីកចម្រើន ទី២,នៅតំបន់អឺរ៉ុបមានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរឡើងវិញ។ដែលកត្តាទាំង២នេះហើយដែលជំរុញឱ្យមានការនាំចេញរបស់កម្ពុជាកើនឡើងខ្ពស់៕