EU ប្រកាសផ្តល់ជំនួយ ៨៦លានដុល្លារដល់កម្ពុជាជួយអភិវឌ្ឍន៍លើវិស័យធំៗ ចំនួន៤

សង្គម​ និង​សេដ្ឋកិច្ច

សហភាពអឺរ៉ុប បានសម្រេចផ្តល់ហិរញ្ញប្បទានក្នុងទឹកប្រាក់ប្រមាណ ៧៩លានអឺរ៉ូ (ឬស្មើ ប្រមាណ៨៦លានដុល្លារ) ដល់កម្ពុជា ដោយផ្តោតលើអភិវឌ្ឍន៍លើវិស័យធំៗចំនួន៤ រួមមាន៖ ការអប់រំបច្ចេកទេស ថាមពលប្រកបដោយចីរភាព កសិកម្មប្រកបដោយចីរភាព និងប្រព័ន្ធអាហារ និងជំនួយពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីលទ្ធផល នៃជំនួបរវាងប្រមុខការទូតកម្ពុជា និងស្នងការសហភាពអឺរ៉ុប កាលពីថ្ងៃទី១៣ ខែមីនា បានឱ្យដឹងថា កិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្ពុជា និងសហភាពអឺរ៉ុបនេះ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចរបស់ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ រយៈពេល២ថ្ងៃនៅកម្ពុជា ដែលបានបញ្ចប់នៅថ្ងៃទី១៤ ខែមីនានេះ។

តាមរយៈជំនួយនេះ ក្រសួងការបរទេស បានគូសបញ្ជាក់ពីជំនួយ និងការចូលរួមចំណែកដែលមិនអាចកាត់ថ្លៃបានរបស់សហភាពអឺរ៉ុប ក្នុងការស្តារឡើងវិញ និងការអភិវឌ្ឍគួរឱ្យកត់សម្គាល់លើគ្រប់វិស័យនៅកម្ពុជា។ ទន្ទឹមនឹងក្រសួងការបរទេសក៏បានកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប ដែលត្រូវបានកសាងឡើងដោយផ្អែកលើភាពជាដៃគូដ៏យូរអង្វែង និងការគោរពគ្នាទៅវិញទៅមកក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។

បន្ថែមពីនេះ តំណាងស្នងការសហភាពអឺរ៉ុប ទទួលស្គាល់ពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ហើយបានសម្តែងការគាំទ្រយ៉ាងខ្លាំងរបស់សហភាពអឺរ៉ុបក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យជាមួយកម្ពុជា ដែលជាដៃគូដ៏សំខាន់ និងគួរជាទីទុកចិត្ត។

គួរបញ្ជាក់ដែរថា នៅក្នុងដំណើរទស្សនកិច្ចរបស់ស្នងការសហភាពអឺរ៉ុប ក៏បានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមក្រុមអឺរ៉ុបនៅកម្ពុជា ដែលមានទឹកប្រាក់ប្រមាណ ១,៤ ប៊ីលាន អឺរ៉ូ ដើម្បីគាំទ្រធុរកិច្ចបៃតង រោងចក្របៃតង និងការងារសមរម្យផងដែរ៕

Tagged