ក្រុមហ៊ុនចិន និងថៃមានបណងវិនិយោគក្នុងវិស័យសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ន និងឧស្សាហកម្មឈើដាំនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន China National Offshore Oil Corporation (CNOOC), ក្រុមហ៊ុន Cambodian Natural Gas និងក្រុមហ៊ុនវិនិយោគឧស្សាហកម្មឈើដាំ Paper Tree (Cambodia) Co., Ltd. បានបង្ហាញពីចំណាប់អារម្មណ៍ពីការវិវត្តរីកចម្រើនរបស់កម្ពុជា ព្រមទាំងបង្ហាញឆន្ទៈគ្រោងវិនិយោគក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ន និងឧស្សាហកម្មឈើដាំនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនូួបជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូនៃក្រុមហ៊ុនទាំង៣ បង្ហាញពីចំណាប់អារម្មណ៍ពីការវិវត្តរីកចម្រើនរបស់កម្ពុជា និងបំណងស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ននៅកម្ពុជា ដែលក្នុងនោះរួមមានទីតាំងស្តុកទុក ហេដ្ឋារចនាសម្ព័ន្ធចែកចាយ និងរោងចក្រអគ្គិសនីដែលប្រើប្រាស់ឧស្ម័ន ដែលការវិនិយោគនេះនឹងចូលរួមចំណែកបំពេញដល់តម្រូវការថាមពលរបស់កម្ពុជានៅពេលខាងមុខ។

ក្នុងជំនួបដដែលនេះ តំណាងក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd ដែលមកពីប្រទេសថៃ ក៏បានជម្រាបពីសកម្មភាពរបស់ក្រុមហ៊ុននាពេលកន្លងមកក្នុងការបណ្តាក់ទុនវិនិយោគឧស្សាហកម្មដំណាំឈើដាំនៅកម្ពុជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដោយរាប់ចាប់ពីការបណ្តុះកូនឈើ ការដាំដុះ និងការតម្លើងរោងចក្រធ្វើការកាត់ចិញ្ច្រាំជាកម្ទេចឈើរួចធ្វើការនាំចេញ។ ក្រុមហ៊ុនបានប្រាប់ពីបំណងចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នាពេលឆាប់ៗខាងមុខនេះនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផែនការបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ពិសេសការសហការជាមួយវិនិយោគិនក្នុងស្រុកក្នុងការពង្រីកផ្ទៃដីដាំដុះដំណាំឈើឧស្សាហកម្ម។

បំណងចង់វិនិយោគរបស់គណៈប្រតិភូក្រុមហ៊ុនទាំង៣ខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនទាំង៣ ដែលបានមកធ្វើការសិក្សាស្វែងយល់នូវកាលានុវត្តភាពវិនិយោគ និងបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយបានប្រាប់អំពីនីតិវិធីចុះបញ្ជី និងការផ្តល់ការលើកទឹកចិត្តនិងការការពារទៅដល់ការវិនិយោគរបស់ក្រុមហ៊ុន ហើយដែលក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាសេនាធិការទទួលបន្ទុកវិនិយោគនឹងត្រៀមខ្លួនជានិច្ចក្នុងការផ្តល់នូវកិច្ចសម្របសម្រួល និងគាំទ្រដល់ដំណើប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុនឲ្យទទួលបានជោគជ័យ៕