ទំព័រហ្វេសបុកផ្លូវការរបស់រមណីយដ្ឋានភូមិវប្បធម៌បានប្រកាសថា រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា នឹងបើកឲ្យចូលទស្សនា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ដើម្បីថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និងជាចំណងដៃចុងក្រោយ មុនបិទទាំងស្រុងនៅថ្ងែទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ។
ដោយសារជួបបញ្ហាវិបត្តិហិរញ្ញវត្ថុក្នុងអំឡុងវិរុសកូវីដរាតត្បាត ការប្រកាសបិទរមណីយដ្ឋានទេសចរណ៍ដ៏ធំក្នុងក្រុងសៀមរាប ដែលធ្លាប់បើកបម្រើសេវាដល់អ្នកទេសចរជាតិនិងអន្តរជាតិជាង ១៧ ឆ្នាំ ធ្វើឲ្យបងប្អូនជាច្រើនមានការសោកស្តាយជាខ្លាំង។
ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ជាពេលវេលាចុងក្រោយដែលបងប្អូនអាចចូលទៅទស្សនា កម្សាន្តសប្បាយ និងថតរូបភាពនិងបង្កើតអនុស្សាវរីយ៍ចុងក្រោយ មុនរមណីយដ្ឋានទេសចរណ៍ដ៏ធំនេះ ត្រូវលាជារៀងរហូត។
រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាមានទីតាំងស្ថិតនៅក្នុងភូមិគ្រួស ឃុំស្វាយដង្គំ ស្រុកសៀមរាប ដែលមានចំងាយប្រមាណជា ៣គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប៕