ភូមិ​ពីរ​ក្នុង​ស្រុក​បន្ទាយ​ស្រី​ មាន​ផ្លូវ​បេតុងជិះស្រួល អម​ដោយ​ទេសភាព​តាមផ្លូវ​ឡើង​ខៀវស្រងាត់

សង្គម​ និង​សេដ្ឋកិច្ច

«ជនបទក៏អាចមានផ្លូវបេតុងនឹងគេបាន» ភ្លៀងធ្លាក់ថ្មីៗបាននាំយកធូលីដី ដែលតែងតែគ្រប់ដណ្តប់កាន់ស្នឹមយ៉ាងក្រាស់នៅពីលើដំបូលផ្ទះរបស់អ្នកភូមិថ្នល់ទៅជាមួយ។ តែខុសពីសព្វមួយដង ធូលីដីដែលបណ្តាលមកពីផ្លូវក្រាលគ្រួសក្រហមនៅក្នុងភូមិនេះ ប្រហែលជាមិនត្រលប់មកវិញទេដូចរាល់ឆ្នាំទេ។រុ ក្ខជាតិបៃតងនៅតាមដងផ្លូវ ដែលធ្លាប់តែមានពណ៌ស្រអាប់មិនគួរឱ្យគយគន់ ក៏កំពុងតែវិលត្រលប់ទៅរកសភាពដើមនៃធម្មជាតិស្រស់បំព្រងរបស់ខ្លួនវិញដែរ ហើយទីធ្លារមុខផ្ទះដែលជាកន្លែងតែងមានដីហុយខ្លាំង និងពិបាកសូម្បីតែដកដង្ហើមនោះ បានប្រែក្លាយទៅជាទីប្រមូលផ្តុំជួបជុំគ្នា មានក្មេងរត់លេង និងអ្នកភូមិលក់ដូររបស់របរហូបចុកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឃឹម ហ្វីណង់ បាន​ថ្លែង​ដោយ​រីករាយ​ថា អ្នកភូមិថ្នល់មានផ្លូវបេតុងមួយខ្សែនឹងគេហើយ។ ហើយអ្នកភូមិខ្នារក៏ទទួលបានមួយខ្សែផងដែរ។

តាម​អភិបាល​វ័យ​ក្មេង​ពោរពេញ​ដោយ​សមត្ថភាព បាន​លើក​ឡើង​ថា ផ្លែផ្កានៃការរីកចម្រើន ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យគម្រោងបែបនេះអាចលេចចេញជារូបរាងបានជាលើកដំបូងនៅតាមទីជនបទនៃភូមិទាំងពីរ ជាពិសេសក្រោយពីមានការបង្កើនកញ្ចប់ថវិកាអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន។

លោក​ថា ពិតមែនតែផ្លូវទាំងពីរនេះនៅមានប្រវែងខ្លី ហើយទើបតែមាននៅក្នុងភូមិចំនួនពីរ តែការអភិវឌ្ឍមិនបញ្ចប់ត្រឹមនេះនោះទេ។ ឆ្នាំក្រោយ និងឆ្នាំបន្តបន្ទាប់ទៀត ទាំងរដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំងអស់នៅក្នុងស្រុកបន្ទាយស្រី គ្រោងនឹងបន្តគម្រោងផ្លូវបេតុងនេះ ឱ្យបានដល់ក្នុងភូមិទាំងមូល ក៏ដូចជានៅតាមបណ្តាភូមិផ្សេងៗទៀតនៅក្នុងស្រុក។

បើ​តាមលោក​អភិបាល ដើម្បីកេងយកចំណេញពីភាពស្រស់ស្អាតថ្មីនៃផ្លូវបេតុងទាំងពីរខ្សែនេះ រដ្ឋបាលស្រុកនឹងធ្វើការបំពាក់បន្ថែមអំពូលសូឡាជូនគ្រប់ផ្ទះទាំងអស់ដែលស្ថិតនៅតាមបណ្តោយដងផ្លូវថ្មីនេះ ដើម្បីបំភ្លឺផ្ទះផង និងបំភ្លឺផ្លូវបេតុងផង ហើយរដ្ឋបាលស្រុកនឹងសហការជាមួយអាជ្ញាធរភូមិឃុំ រៀបចំតុបតែងលម្អនៅតាមមុខផ្ទះ រៀបចំជារបង ដាំផ្កា គ្មានសម្រាម​ និងបង្កើនសោភ័ណភាពជារួមនៅតាមដងផ្លូវ ឱ្យស័ក្តិសមនឹងសមិទ្ធិផលថ្មី ដើម្បីប្រែក្លាយឱ្យទៅជាតំបន់គំរូខាងផ្នែកបរិស្ថានប្រចាំភូមិទាំងពីរផងដែរ។

គួរ​បញ្ជាក់​ថា ផ្លូវបេតុងទី១ ភូមិថ្នល់ ឃុំរុនតាឯក ប្រវែង ៤៩៤ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ និង​ផ្លូវបេតុងទី២ នៅ​ភូមិខ្នារ ឃុំខ្នារសណ្តាយ ប្រវែង ៥៤៥ម៉ែត្រ ទទឹង ៤ម៉ែត្រ៕