គម្រោងផ្លូវរថភ្លើងធុនស្រាលពីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីភ្នំពេញ ត្រូវបានក្រុមហ៊ុនសិក្សាហើយ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តជាតិតេជោ និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញត្រូវបានលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិភាក្សាជាមួយក្រុមហ៊ុនចិនចំនួនពីរគឺក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដើម្បីសិក្សាលើកគម្រោងនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group បានធ្វើបទបង្ហាញអំពីទស្សនាទានជារួមរបស់ទីក្រុងភ្នំពេញរួមមានទំហំទីក្រុង ចំនួនប្រជាពលរដ្ឋ ស្ថានភាពនៃការប្រើប្រាស់ផ្លូវថ្នល់ ក៏ដូចជាពិនិត្យលទ្ធភាពដំបូងលើគម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។

ក្នុងនោះ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីសវតាខ្លះៗកន្លងមកនៃការសិក្សាសមិទ្ធិលទ្ធភាពលើប្រទេសរថភ្លើងផ្សេងគ្នា ពីស្ថាប័នផ្សេងៗ ដើម្បីពិនិត្យមើលជម្រើសដែលសមសម្របសម្រាប់ទីក្រុងភ្នំពេញ រួមមានការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទរថភ្លើង AGT ដោយ JICA ជប៉ុន ការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទរថភ្លើង Monorail ដោយក្រុមហ៊ុន CCECC និងការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទផ្លូវរថភ្លើងក្រោមដី ដោយក្រុមហ៊ុន CCCC ផងដែរ។

សូមជម្រាបជូនថា កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងក្រោយដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិនរបស់លោកឧបនាយករដ្ឋមន្ត្រី កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ ដោយក្នុងនោះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី បានចុះទស្សនកិច្ចឈ្វេងយល់អំពីការអភិវឌ្ឍគម្រោងផ្លូវរថភ្លើងក្រោមដី(Metro) ក្នុងទីក្រុងក្វាវចូវ ប្រទេសចិនដែលសាងសង់ដោយក្រុមហ៊ុន Guangzhou Metro Group រួមសម្របសម្រួលដោយក្រុមហ៊ុន China Metro Group។ ស្ថានីយរថភ្លើង Guangzhou Metro នេះជាស្ថានីយរថភ្លើងមួយ ស្ថិតក្នុងខេត្តក្វាងទុង នៃប្រទេសចិន ដែលមានប្រមាណ៥០ខ្សែ សរុបប្រវែងប្រមាណ ២.០០០គីឡូម៉ែត្រ រត់ក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង បំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានប្រព័ន្ធឌីជីថលសម្រាប់តាមដាន និងគ្រប់គ្រងដំណើរការរបស់រថភ្លើង និងស្ថានីយទាំងមូល៕