អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីការកែទម្រង់និងទំនើបកម្មរដ្ឋបាលគយ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅសាលាជាតិគយ ដោយមានការចូលរួមពីរដ្ឋបាលគយកម្ពុជា ម៉ាល់ឌីវ មុងហ្គោលី នេប៉ាល់ ស្រីលង្ការ អូបេគីស្ថាន និងវៀតណាម សរុបចំនួន ៣៣ រូបក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តលើការងារកែទម្រង់និងទំនើបកម្មរដ្ឋបាលគយ។
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា នេះជាលើកដំបូងដែលសាលាជាតិគយកម្ពុជាបានទទួលរៀបចំសិក្ខាសាលាថ្នាក់តំបន់ ដែលមានរដ្ឋបាលគយច្រើនប្រទេសចូលរួម អំឡុងពេលដែលសាលាជាតិគយកម្ពុជាកំពុងបំពេញនីតិវិធី ដើម្បីក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំអាស៊ីប៉ាហ្វិករបស់អង្គការគយពិភពលោក។ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់អាចបង្កើតទំនាក់ទំនង ចែករំលែកបទពិសោធន៍ល្អៗ និងស្វែងយល់ពី ការងារកែទម្រង់និងទំនើបកម្មរបស់រដ្ឋបាលគយប្រទេសនីមួយៗ។
ជាមួយគ្នានេះ លោក UENO Atsushi ឯកអគ្គ-រាជទូតជប៉ុនប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលគយកម្ពុជាក្នុងការងារកែទម្រង់និងទំនើបកម្មគយ ដែលក្នុងនោះ សាលាជាតិគយបានរួមចំណែកយ៉ាងសំខាន់ជាថ្នាលបណ្តុះបណ្តាលសម្រាប់មន្ត្រីគយនិងរដ្ឋាករកម្ពុជា និងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់នាពេលឆាប់ៗខាងមុខ។
លោកបន្តថា៖ «រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA នឹងបន្តគាំទ្ររដ្ឋបាលគយកម្ពុជាលើការងារកិច្ចសម្រួលពាណិជ្ជកម្ម ដូចជាកម្មវិធីប្រតិបត្តិករបានទទួលការអនុញ្ញាត (AEO), ការកសាងសមត្ថភាពគយ និងគម្រោងថ្មីស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការគយដើម្បីជំរុញការតភ្ជាប់ក្នុងតំបន់ទន្លេមេគង្គ សម្រាប់រដ្ឋបាលកម្ពុជា ឡាវ និងថៃ និងកិច្ចសហការគាំទ្រផ្សេងៗទៀត»។
សិក្ខាសាលាថ្នាក់តំបន់រយៈពេល ៤ថ្ងៃនេះ គ្របដណ្តប់លើប្រធានបទសំខាន់ៗ ដូចជាការគ្រប់គ្រងការងារកែទម្រង់និងទំនើបកម្មគយ និងការគ្រប់គ្រងការផ្លាស់ប្តូរ, ការកែលម្អការជ្រើសរើសផ្អែកលើហានិភ័យសម្រាប់ការត្រួតពិនិត្យគយក្នុងពេលដំណើរការបញ្ចេញទំនិញ, ការប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ឬ តំបន់រួចពន្ធ ជាដើម។
សូមរម្លឹកថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន បានឈានដល់ចំនួន ១,៦៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ថយចុះប្រហែល ៧,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។ សម្រាប់ទំនិញដែលកម្ពុជានាំចេញទៅកាន់ប្រទេសជប៉ុនមានសម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម ក្រដាស និងផលិតផលស្បែក ខណៈការនាំចូលពីជប៉ុនវិញ មានដូចជា គ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម ក្រណាត់ និងប្លាស្ទិក។ ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី០៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម និងប្រទេសថៃ៕ អត្ថបទ៖ រង្សី