កោះទន្សាយកំពុងទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋក្នុងស្រុកទៅកម្សាន្តកាន់តែច្រើន

សង្គម​ និង​សេដ្ឋកិច្ច

ចូលមកដល់ឆ្នាំ២០២៤នេះ គេសង្កេតឃើញប្រជាពលរដ្ឋក្នុងស្រុកជាក្រុមៗ បាននាំគ្នាធ្វើដំណើរតាមទូកទៅកម្សាន្តនិងស្នាក់នៅលើដែនកោះទន្សាយមានចំនួនកាន់តែច្រើន ពិសេសនៅថ្ងៃឈប់សម្រាកពីការងារ ហើយនៅពេលខាងមុខដ៏ខ្លីនេះកោះមួយនេះនឹងមានការទាក់ទាញបន្ថែមទៀត នៅដែលកំពង់ផែស្តង់ដារនៅលើកោះនេះផុសចេញជារូបរាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមម្ចាស់អាជីវកម្មមួយកន្លែងមាន យីហោ ស៊ីមន្តកោះទន្សាយផ្ទះសំណាក់អាហារដ្ឋាន និងទូកកម្សាន្តបានឱ្យដឹងថា សព្វថ្ងៃមានកន្លែងសម្រាប់ភ្ញៀវមកកម្សាន្តចំនួន២០កន្លែង និងផ្ទះសម្រាប់ស្នាក់នៅមានចំនួន២០ផ្ទះ ហើយពីថ្ងៃទិវាសិទ្ធនារីអន្តរជាតិ៨មីនាកន្លងទៅនេះ ភ្ញៀវចូលមកស្នាក់និងកម្សាន្តពេញគ្រប់កន្លែងទាំងអស់។
លោកស៊ីមន្ត បញ្ជាក់ថា នៅលើកោះទន្សាយឬ នៅតំបន់របស់ខ្ញុំមានម្ចាស់អាជីវកម្មផ្តល់សេវាជូនភ្ញៀវជាតិនិងអន្ដរជាតិចំនួន៧បឹងកាឡូ ហើយពលរដ្ឋក្នុងស្រុកនៅពេលបច្ចុប្បន្ននេះ ពួកគាត់មានសេចក្តីក្លាហាន ក្នុងការជិះទូកមកលេងនៅទីនេះ និងម្យ៉ាងទៀតសហគមន៍កោះទន្សាយនៅពេលដែលមានខ្យល់ឬមេឃអ៊ូអាប់
ខ្លំាងអត់ឱ្យមានការចេញទូកទៅខាងក្រៅនោះទេ។

ពាក់ព័ន្ធនឹងកោះទន្សាយនេះផងដែរ, ប្រធានសមាគមទេសចរណ៍កម្ពុជា បានកត់សម្គាល់ឃើញថាមកដល់ឥឡូវនេះទេសចរក្នុងស្រុក ចាប់ផ្តើមចេញដើរកម្សាន្តទៅតំបន់ឆ្ងាយៗ ហើយសម្រាប់កោះទន្សាយ គឺជាកោះមានទំហំធំ ហើយសហគមន៍ទេសចរណ៍ ប្រជាពលរដ្ឋដែលបានរស់នៅទីនោះ មានការយល់ដឹងអំពីការផ្តល់នៅសេវាកម្មទៅដល់ភ្ញៀវទេសចរបានល្អ ហើយម្ហូបអាហារក៏មានអនាម័យអាចទទួលបាន។

ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា «ការចេញដើររបស់ភ្ញៀវទេសចរក្នុងស្រុកនេះ បានធ្វើឱ្យពលរដ្ឋដែលរស់នៅទីកន្លែងនោះទទួលបានអត្ថប្រយោជន៍ ជួយឱ្យសេដ្ឋកិច្ចគ្រួសារប្រសើរជាងមុន»។

បើយោងតាម ប្រធានសមាគមទេសចរណ៍កម្ពុជា ស្របពេលនិន្នាការនៃការចេញដើររបស់ពលរដ្ឋក្នុងស្រុកទៅកម្សាន្តនៅកោះទន្សាយនេះមានច្រើន លើកោះទន្សាយនឹងចេញជារូបរាងនៅកំពង់ផែស្តង់ដារមួយនៅពេលខាងមុខ ហើយកំពង់ផែនេះនឹងមានការទាក់ទាញការវិនិយោគ ការដឹកជញ្ជូនពីកម្ពុជាទៅប្រទេសវៀតណាម ពិសេសទាញភ្ញៀវមកពីកោះត្រល់បានច្រើន។

ឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍សង្កត់ធ្ងន់ថា «នៅពេលយើងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកមានភាពល្អប្រសើរ យើងអាចទាក់ទាញភ្ញៀវទេសចរបរទេស។ កន្លងមកយើងទទួលបានភ្ញៀវបរទេសពិតមែន តែនៅមានកម្រិតនៅឡើយ ដោសារមិនទាន់មានកំពង់ផែ អីចឹងទូកដឹកជញ្ជូនភ្ញៀវមានលក្ខណៈតូចៗ មិនទាន់មានទូកមានលក្ខណៈស្តង់ដារចេញ ចូលដឹកភ្ញៀវអន្តរជាតិល្អៗ។ ដូចនេះបើកំពង់ផែកើតឡើងហើយនិងមានការវិនិយោគទៅលើទូកដឹកភ្ញៀវល្អៗ យើងនឹងរៀបចំឱ្យមាននៅក្នុងខ្សែទស្សនៈកិច្ចតំបន់កោះនេះដាក់បញ្ចូលទៅក្នុងខ្សែទស្សនៈកិច្ចរបស់ទីភ្នាក់ងារទេសចរណ៍ អាចស្រូបទាញភ្ញៀវទេសចរល្អទៅកម្សាន្តច្រើន វានឹងជួយឱ្យសហគមន៍នៅលើកោះទន្សាយ ក៏ដូចជាប្រជាពលរដ្ឋរស់នៅកោះនេះទទួលបានចំណូលកាន់តែច្រើនពីភ្ញៀវទេសចរអន្តរជាតិ៕តាកែវ