ការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមនៅដើមឆ្នាំនេះ មានការធ្លាក់ចុះប្រមាណ៣២ភាគរយ ដោយសារកត្តា៣

សង្គម​ និង​សេដ្ឋកិច្ច

នៅដើមឆ្នាំ២០២៤នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅកាន់ប្រទេសវៀតណាមមានការធ្លាក់ចុះប្រមាណ៣២ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ដោយសារកត្តា៣ធំៗ។នេះបើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា សមាគម រំពឹងទុកថានឹងមានការធ្លាក់ផលគ្រាប់ចន្ទី ដោយសារតែគ្រោះអែលនីណូ។ជាក់ស្តែងការនាំចេញគ្រាប់ឆៅទៅវៀតណាម ក្នុងខែកុម្ភៈ ២០២៤នេះ ធ្លាក់ចុះប្រមាណ ៣២ភាគរយ បើធៀបរយៈកាលដូចគ្នានឹងឆ្នាំកន្លងទៅ។នេះជាការធ្លាក់ចុះ ៣ឆ្នាំជាប់គ្នា។

បើតាមលោក អួន ស៊ីឡុត មូលហេតុនៃការធ្លាក់ចុះនៃការនាំចេញគ្រាប់ឆៅនាឆ្នាំ២០២៤នេះដោយសារកត្តាសំខាន់ៗចំនួន៣ ទី១, បាតុភូតុអែលនីណូបំផ្លាញផលចន្ទី ២,សហគ្រាសក្នុងស្រុកទិញគ្រាប់ទុកកែច្នៃ និង៣,កសិករហាលទុលលក់នាខែខាងមុខ (តាមការអំពាវនាវរបស់សមាគម)។

លោកបានបន្តថា តម្លៃគ្រាប់ស្វាយចន្ទីបច្ចុប្បន្នមានតម្លៃចន្លោះ ៤៨០០រៀល ទៅ៥០០០រៀលក្នុងមួយគីឡូក្រាម ខណៈមួយរយៈមុនគ្រាប់ស្វាយចន្ទីខ្នាតតូចឈ្មួញដើរប្រមូលទិញពីកសិករក្នុងតម្លៃ៣៦០០រៀល ហើយសម្រាប់គ្រាប់ពូជស្វាយចន្ទី M23 លក់បានថ្លៃតែ៤៤០០រៀលក្នុងមួយគីឡូក្រាមនៅតាមតំបន់។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា ធ្លាប់បានរំពឹងទុកថា តម្លៃស្វាយគ្រាប់ចន្ទីនឹងឡើងថ្លៃមកវិញនៅក្នុងខែកក្កដា ឬខែកញ្ញាខាងមុខ៕