ប្រទេសកូរ៉េ គឺជាទីផ្សារធំមួយរបស់កម្ពុជា ខណៈការនាំចេញរបស់កម្ពុជាទៅកូរ៉េមានទំហំ ២៦,២១ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ហើយត្រឹមរយៈពេល២ខែតំបូងនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ មានទំហំ ៨,៥៣ លានដុល្លារអាមេរិក។
នៅលើបណ្តាញសង្គមផ្លូវការរបស់នាយករដ្ឋមន្រ្តី បានឲ្យដឹងថា កូរ៉េ គឺជាទីផ្សារធំមួយរបស់កម្ពុជា ដោយក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA ក្នុងទំហំ ២៦,២១ លានដុល្លារអាមេរិក ដែលមានកំណើនរហូត ២០៤៨% បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានទំហំត្រឹម ១,២២ លានដុល្លារអាមេរិក។ រីឯរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៤នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ៨,៥៣ លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ២៨៦,៩% បើធៀបទៅនឹងរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ ដែលមានទំហំ ២,២១ លានដុល្លារអាមេរិក។

ដើម្បីស្វែងរកឪកាសវិនិយោគបន្ថែមនៅកម្ពុជា នារសៀលថ្ងៃពុធ ទី២៧ ខែមីនានេះ ក្រុមវិនិយោគិនធំៗរបស់កូរ៉េជាច្រើនដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា បានចូលរួមជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព ដែលមានក្រុមហ៊ុន Maekyung Media Group, ក្រុមហ៊ុន Samsung Electronics, ក្រុមហ៊ុន Booyoung ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International ។
សូមជម្រាបជូនថា ក្រុមហ៊ុនធំៗខាងលើសុទ្ធតែកំពុងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុន Maekyung Media Group ជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់កូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយ គឺនៅពុំទាន់មានសកម្មភាពវិនិយោគនៅប្រទេសកម្ពុជានៅឡើយ៕



