ក្រសួងសេដ្ឋកិច្ច សម្រេចអនុគ្រោះពន្ធដល់សហគ្រាសដែលដាំដុះដំណាំកសិកម្មទាំងនេះ រហូតដល់ដំណាច់ឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម ដោយសម្រេចអនុគ្រោះពន្ធដល់សហគ្រាសដែលធ្វើការដាំដុះដំណាំកសិកម្មទាំងនេះ រហូតដល់ដំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រកាស ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្មរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្សាយចេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រកាសនេះ មានគោលបំណងដាក់ចេញនូវវិធានការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម។

ក្រសួងបន្តថា ប្រកាសនេះដែរ គឺមានវិសាលភាពអនុវត្តចំពោះការដាំដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។

ក្រសួងបានបញ្ជាក់ថា៖«សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុកដែលជា វត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវទទួលបានការអនុគ្រោះរហូតដល់ដំណាច់ឆ្នាំ២០២៥»។

ចំពោះពន្ធដែលបានអនុគ្រោះរហូតដល់ដំណាច់ឆ្នាំ២០២៥ រួមមាន៖ ១.ព្យួរទុកការបង់ពន្ធអប្បបរមា ២.ព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និង៣.រួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស។

យ៉ាងណាមិញ ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ដើម្បីទទួលបានការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ ក្នុងស្រុក ឬនាំចេញដំណាំខាងលើ ត្រូវបំពេញលក្ខខណ្ឌដូចជា៖ ត្រូវស្នើសុំវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ពីអគ្គនាយកដ្ឋានពន្ធដារ។ត្រូវភ្ជាប់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញឬសេវាជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ។ត្រូវកាន់បញ្ជីគណនេយ្យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ត្រូវដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់៕ អត្ថបទ៖ រង្សី