សូចនាចរសេដ្ឋកិច្ចសំខាន់ៗក្នុងខែកុម្ភៈ និងរយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ បានបង្ហាញពីសញ្ញាណកាន់តែល្អជាបន្តបន្ទាប់ ជាពិសេសវិស័យ៣ គឺវិស័យពាណិជ្ជកម្មអន្តរជាតិ, ទេសចរណ៍ និងវិនិយោគ។នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍ខាងលើបានឱ្យដឹងថា សូចនាករសេដ្ឋកិច្ចសំខាន់ៗក្នុងខែកុម្ភៈ និងរយៈពេល ២ខែ ដើមឆ្នាំ២០២៤នេះបានបង្ហាញពីសញ្ញាណកាន់តែ ល្អជាបន្តបន្ទាប់ ជាពិសេសលើវិស័យពាណិជ្ជកម្មអន្តរជាតិ, ទេសចរណ៍, និងវិនិយោគ ខណៈដែលសន្ទស្សន៍ថ្លៃទំនិញ និងសេវាកម្ម និងវិស័យសំណង់ មានការធ្លាក់ចុះបន្តិច។
បើតាមរបាយការណ៍ដដែល ទំហំពាណិជ្ជកម្មសរុបក្នុងខែកុម្ភៈ ឆ្នាំ២០២៤ មានភាពល្អប្រសើរជាងឆ្នាំមុន ពោលគឺទំហំពាណិជ្ជកម្មសរុបសម្រេចបាន ៤ ០៦៣លានដុល្លារ កើនឡើង០,២% ធៀបនឹងខែមុន។គិតត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២៤នេះសម្រេចបាន ៨ ១២១លានដុល្លារ កើនឡើង ១៩,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ដោយការនាំចេញទំនិញ ២ខែដើមឆ្នាំនេះ ក៏សម្រេចបានកំណើនល្អផងដែរក្នុងទំហំ ៣ ៩៨៥ លានដុល្លារ កើនឡើង ២២,៧% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ក្នុងនោះការនាំចេញផលិតផលវាយនភណ្ឌកើនឡើង ២២, ៣%, ផលិតផលមិនមែនវាយនភណ្ឌកើនឡើង ២៣%, ស្រូវ កើនឡើង ៥៤%, គ្រឿងសង្ហារិមកើនឡើង ៥៣,៧%, ខណៈដែលផលិតផលកសិកម្មធ្លាក់ចុះ ១១, ៩%, និងសូឡាធ្លាក់ចុះ ៣៤,៧%។រីឯការនាំចូលនៅតែសម្រេចបានកំណើនល្អ ក្នុងទំហំប្រមាណជាង ៤ ១៣៥ លានដុល្លារ កើនឡើង ១៦,១% ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។
ចំពោះវិស័យទេសចរ២ខែមកនេះ ចំនួនទេសចរមានកំណើនល្អប្រសើរ ជាពិសេសចំនួនភ្ញៀវចូលទស្សនាតំបន់អង្គរ។ ជាក់ស្តែង ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤៤៨ ៥២៦ នាក់ កើនឡើង ៣,២% ធៀបនឹងខែកុម្ភៈ ដើមឆ្នាំ២០២៣ និងចំនួនភ្ញៀវអន្តរជាតិទិញសំបុត្រពីគ្រឹះស្ថានអង្គរមានចំនួន ១២០, ៣១៨ នាក់ កើនឡើង ៥១,៣%។បើគិតក្នុងរយៈពេល ២ខែ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៩៨៩ ពាន់នាក់ ដែលមានកំណើន ១៨, ០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ទន្ទឹមនេះ ចំនួនភ្ញៀវទេសចរអន្តរជាតិទិញសំបុត្រពីគ្រឹះស្ថាន អង្គរមានចំនួន ២៣៦ ពាន់នាក់ កើនឡើង ៥០, ៣%។
ចំណែកឯវិស័យវិនិយោគក្នុងរយៈពេល២ខែ ឆ្នាំ២០២៤នេះវិញ ស្ថានភាពគម្រោងវិនិយោគឯកជនដែលទទួលបានការអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែ កុម្ភៈ ឆ្នាំ២០២៤ មានការកើនឡើងល្អប្រសើរគួរឱ្យកត់សម្គាល់ទាំងចំនួនគម្រោងទុនវិនិយោគ និងការបង្កើតការងារថ្មី។ ជាកស្តែង ចំនួនគម្រោងវិនិយោគក្នុងខែកុម្ភៈ ឆ្នាំ២០២៤ មាន ៣៧ គម្រោង ដែលបានប្រើប្រាស់ទុនវិនិយោគសរុប ចំនួន ១ ១៨៩ លានដុល្លារ និងបង្កើតការងារថ្មីចំនួន ៣៨ ៣៤៥ កន្លែង ដែលមានកំណើន ១៥,៦%, ៥៤០,៨%, និង ៣៣% រៀងគ្នាធៀបនឹងខែមុន។បើគិត ២ខែមកនេះ មានគម្រោងវិនិយោគសរុប ៦៩ គម្រោង, ទុនសរុប ១ ៣៨៥ លានដុល្លារ និងអាចបង្កើតការងារថ្មី ៦៧ ១៧៨ កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនគម្រោងវិនិយោគកើនឡើង ៣៨ គម្រោង (ស្មើនឹង ១២២%), ទុនកើនឡើង ៥០៥%, និងការងារកើនឡើង ៦៨% រៀងគ្នា៕