លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទកម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន នៅរសៀលថ្ងៃទី២ មេសានេះ បានបង្ហាញសក្តានុពលកម្ពុជាថា កម្ពុជាស្ថិតនៅចំបេះដូងនៃតំបន់អាស៊ានដែលមានប្រជាជនសរុបប្រមាណ ៦៧០លាននាក់ កម្ពុជាស្ថិតក្នុងស្ថានភាពមានសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណាពិសេសជាងនេះ ៦០% នៃប្រជាពលរដ្ឋកម្ពុជាសរុបគឺជាយុវជនមានអាយុក្រោម២៥ឆ្នាំ ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិជារួម។ កម្ពុជាយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដូចជាដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងគ្រោះចំនួន ១,៥លាននាក់។ ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ កម្ពុជាបាននិងកំពុងសាងសង់ ព្រមទាំងមានផែនការជាតិនានា សំដៅបង្កើនភាពប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិន។
សំខាន់ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ បានផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើបច្ចេកវិទ្យា អាស្រ័យលើក្របខណ្ឌនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាមួយនឹងចក្ខុវិស័យដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនវិនិយោគិន។
ជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាល កម្ពុជាបានការរៀបចំកិច្ចសម្របសម្រួលថែទាំវិនិយោគ ដោយរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីស្តាប់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនវិនិយោគិន សំដៅបន្តលើកកម្ពស់និងជំរុញការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា។
ក្នុងឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់អំពីភាពជោគជ័យរបស់វិនិយោគិន គឺជាភាពជោគជ័យរបស់កម្ពុជា។ សូមជម្រាបថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំនុចស្នូល ដោយមានលើកឡើងប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាព និងថាមពលកកើតឡើងវិញរបស់អាស៊ាន , កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន៕ តាកែវ