សមាគមសិល្បករខ្មែរ ជូនដំណឹងទទួលពាក្យ អ្នកឧកញ៉ា ឧកញ៉ា និងបេក្ខជន ដែលស្នើសុំឈរឈ្មោះជាប្រធានសមាគម

សង្គម​ និង​សេដ្ឋកិច្ច

សមាគមសិល្បករខ្មែរ កាលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងដល់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសិល្បករសិល្បការិនីទាំងអស់ ដែលមានបំណងឈរឈ្មោះជា ប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ (ឆ្នាំ២០២៤-២០២៩) អាចស្នើសុំដាក់ពាក្យបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទទួលពាក្យនឹងធ្វើឡើងចាប់ពី ថ្ងៃទី៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការបណ្តោះអាសន្នរបស់សមាគម ផ្ទះលេខ២ មហាវិថីម៉ៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមជម្រាបជូនថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានចូលរួមប្រជុំបង្កើតគណៈកម្មការសម្របសម្រួល ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខ ដោយមានការអញ្ជើញចូលរួមដឹកនាំប្រជុំដោយ លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការ និងលោក គឹម ពីនន់ អនុរដ្ឋលេខាធិការ ដោយបានពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖ ១-បង្កើតគណៈកម្មការរៀបចំការបោះឆ្នោត, ២-ពិនិត្យខ្លឹមសារលក្ខន្តិកៈសម្រាប់ការឈរឈ្មោះបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោត។ ៣-កំណត់ពេលវេលា ទីកន្លែង និងសមាសភាពនៃអង្គបោះឆ្នោត។

គួរបញ្ជាក់ផងដែរថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិ។ ហើយរយៈពេលកន្លងទៅនេះ សមាគមសិល្បករខែ្មរ ក៍បានដើរតួរនាទីដ៏សំខាន់មួយ ជាសេនាធិកាឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈផងដែរ៕