សម្តេចតេជោ ហ៊ុន ​សែន​ ​ពិភាក្សាការងារជាមួយ ជាប្រធានរដ្ឋសភាវៀតណាម តាមប្រព័ន្ធវីដេអូ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វឿង ឌិញវ៉េ សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ឯកឧត្តម វឿង ឌិញវ៉េ ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងការនាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងបានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់របស់កម្ពុជាក្នុងវេទិកាតំប​ន់ និងអន្តរជាតិ។

ឯកឧត្តម ប្រធានរដ្ឋសភា ជឿជាក់ថា កម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីថែមទៀត ក្រោមការដឹកនាំរបស់គណបក្ស​ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែ​ត។ ហើយបានគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងប្តេជ្ញារួមគ្នារក្សា និងបន្តទំនាក់ទំនងដ៏ល្អប្រសើរ រវាងគណបក្ស រដ្ឋាភិបាល សភា និងប្រជាជន នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​លើកឡើងថា ចំនួនភ្ញៀវទេសចរវៀតណាមមកកាន់ប្រទេ​ស​កម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានឈរនៅលំដាប់ទី១ និង ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅត្រីមាសទី១ ឆ្នាំ២០២៤ ដែលងើបខ្ពស់បន្តិច រីឯប្រាក់ចំណូលជាតិមានកម្រិតខ្ពស់ជាងនៅឆ្នាំ២០២៣ ដែលអនុញ្ញាតឱ្យរាជរដ្ឋភិបាលកម្ពុជា តំឡើង​ប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់អំពី គោលដៅអាទិភាពចំនួនពីររបស់សម្តេចក្នុងតំណែងជាប្រធានព្រឹទ្ធសភា ព្រឹទ្ធសភា នីតិកាលទី៥​ គឺ៖​ ទី១. ការលើកតម្កើងការទូតសភា ដោយចូលរួមចំណែកជាមួយនឹងរដ្ឋសភា រាជរដ្ឋាភិបាល សំដៅឱ្យមានសង្គតភាពវិស័យការបរទេស និង ទី២. គណនេយ្យភាពចំពោះអង្គបោះឆ្នោត ដែលជាតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។

គួរបញ្ជាក់ថា ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ទាំងនៅក្នុងក្របខណ្ឌបក្ស និងរដ្ឋាភិបាល ទោះបីស្ថិតក្នុងស្ថានការណ៍វិវត្តនៃពិភពលោក ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណៈកាន់តែស្រួចស្រាល់ មិនប្រាកដប្រជា ក៏ដូចជាការទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ សន្តិសុខ និងកិច្ចការខណ្ឌសីមា ដែលនៅសេសសល់ ១៦%ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់​ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង៕