អាកាសធាតុកើនឡើងកំដៅអាចនឹងធ្វើឱ្យពលរដ្ឋកាត់បន្ថយគម្រោងដំណើរកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ

សង្គម​ និង​សេដ្ឋកិច្ច

ការបម្រែបម្រួលអាកាសធាតុនៅឆ្នាំ២០២៤នេះ កំពុងធ្វើឱ្យពលរដ្ឋផ្តោតការចាប់អារម្មណ៍ និងត្រៀមលក្ខណៈគ្រប់ៗគ្នាតាមរយៈការកើនឡើងកំដៅ។ តួយ៉ាងក្នុងបុណ្យចូលឆ្នំាថ្មីប្រពៃជាតិខ្មែរដែលនឹងចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសាខាងមុខនេះ ប្រហែលជាអាចនឹងធ្វើឱ្យប្រជាពលរដ្ឋក្នុងស្រុកកាត់បន្ថយគម្រោងដំណើរកម្សាន្តរបស់ខ្លួន ប្រៀបធៀបនឹងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ធឿន វុឌ្ឍី មគ្គុទេសក៍ ទេសចរណ៍ប្រចាំខេត្តសៀមរាប បានឱ្យដឹងថា «នៅឆ្នាំ២០២៤នេះ តាមរយៈការយល់ផ្ទាល់ខ្លួន និងតាមព័ត៌មានដែលទទួលបានពីខាងក្រៅ ថាការដើរកម្សាន្តនៅតាមរមណីយដ្ឋាន និងនៅតាមប្រាង្គប្រាសាទនានាប្រហែលមិនសូវទទួលបានភ្ញៀវច្រើនដូចឆ្នាំ២០២៣នោះទេ ព្រោះឥឡូវនេះអាកាសធាតុក្តៅខ្លាំង ហើយជាទូទៅមុនពេលជិតចូលដល់ឆ្នាំថ្មីប្រពៃជាតិខ្មែរមួយសប្តាហ៍ឬពីរសប្តាហ៍តែងមានបងប្អូននៅខេត្តឆ្ងាយៗចូលមកដើរលេងនៅតំបន់ប្រាសាទបុរាណ ក្នុងខេត្តសៀមរាប តែនៅឆ្នាំនេះមិនមានអ្វីខុសប្លែកទេ»។

បើតាមមគ្គុទេសក៍ ទេសចរណ៍ខាងលើ នៅក្នុងកំឡុងពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៤នេះ អាចនឹងធ្វើឱ្យម្ចាស់អាជីវកម្មដែលផ្តល់សេវាកម្មនាំភ្ញៀវដើរទស្សនានៅតំបន់ក្នុងខេត្តសៀមរាប រួមនិងរូបលោក អាចបាត់បង់ប្រាក់ចំណូលរបស់ខ្លួនបើប្រៀបទៅនឹងពេលដូចគ្នាឆ្នាំ២០២៣។ តែទោះជាបែបនេះក្តី រដ្ឋបាលខេត្តសៀមរាបបាននិងកំពុងរៀបចំការធ្វើការ ទាក់ទាញភ្ញៀវមកទស្សនាក្នុងខេត្តឱ្យច្រើន។

ស្របពេលអាកាសធាតុកើនឡើងកំដៅហើយការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ, លោក ធឿន វុឌ្ឍី បានសំណូមពរសូមឱ្យប្រជាពលរដ្ឋខ្មែរដែលមានបំណងមកទស្សនានៅប្រាង្គប្រាសាទក្នុងខេត្តសៀមរាប បើទោះជាអាកាសធាតុមានការកើនឡើងកំដៅយ៉ាងណាក៏ដោយ គួរតែកុំលុបចោលគម្រោងរបស់ខ្លួនអី។ បើថ្ងៃក្តៅខ្លាំងអាចស្នាក់នៅក្នុងផ្ទះសំណាក់ឬសណ្ឋាគារ រងចាំពេលល្ងាចថយកំដៅ ចំាចេញមកដើរលេក្នុងខេត្ត៕ តាកែវ