ក្រុមហ៊ុន Sunwah Group មានបំណងពង្រីកការវិនិយោគលើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ចូលជួបសម្តែងការគួរសម នៅថ្ងៃទី០៨​ ខែមេសា ឆ្នាំ២០២៤ នាវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោក Jonathan K.S. Choi បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរការវិនិយោគរបស់ក្រុមហ៊ុន Sunwah Group នៅក្នុងកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ជាពិសេសការបង្កើតរោងចក្រកែច្នៃគ្រឿងសមុទ្រ ដើម្បីនាំចេញទៅទីផ្សារបរទេស។លោកបន្តថា ក្នុងដំណើរទស្សនកិច្ចនាពេលនេះ មានតំណាងក្រុមហ៊ុនវិនិយោគប្រមាណជាង៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ជាដើម។

នាឱកាសនោះ លោកក៏បានបង្ហាញពីបំណងក្នុងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួននៅកម្ពុជាបន្ថែមរួមមាន៖ (១) វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ (៣) វិនិយោគលើវិស័យទេសចរណ៍ (៤) វិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និង (៥) វិនិយោគលើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។

ជាការឆ្លើយតប សម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជានីតិកាលមុនៗដែរ គឺបន្តចក្ខុវិស័យច្បាស់លាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដើម្បីលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ហើយតាមរយៈការប្តេជ្ញាចិត្តនេះ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងរក្សាបាននូភាពធន់ ហើយសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៦% នៅឆ្នាំ ២០២៣ និងត្រូវបានព្យាករណ៍ថានឹងកើនឡើង ក្នុងអត្រា ៦,៦% នៅឆ្នាំ២០២៤។ ទន្ទឹមនោះ ដើម្បីធានាបាននូវបរិយាកាសនៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិនផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានខិតខំជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាផ្លូវលឿន និងកំពង់ផែទឹកជ្រៅ និងបានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដូចជាគំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយុទ្ធសាស្រ្តប្រទេសបូក ( Plus-One Strategy)។

ពាក់ព័ន្ធនឹងគម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង និងគម្រោងវិនិយោគលើយានយន្តអគ្គិសនី EV, សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិភាក្សាបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល ជាដើម។លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ថាមពលស្អាត ដោយនាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត ប្រមាណជាង ៦០% និងបានកំពុងបន្តជំរុញការប្រើប្រាស់ថាមពលស្អាតនេះ ឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សម្តេចធិបតីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រវិស័យទេសចរណ៍ និងការពង្រីកជើងហោះហើរត្រង់ ពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោកដោយបានបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីផ្តល់សេវាកម្មទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ដោយឡែក ចំពោះចំណាប់អារម្មណ៍លើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G, សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បន្ថែមទៀត។

សូមជម្រាបជូនថា ក្រុមហ៊ុន Sunwah Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៧ គ្របដណ្តប់លើផ្នែកចំនួន៨ រួមមាន អាហារសមុទ្រ និងគ្រឿងឧបភោគបរិភោគ អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការបណ្តុះបណ្តាល និង Green Tech និងការថែទាំសុខភាព។ ក្រុមហ៊ុននេះដំណើរការនៅចិនដីគោក ជប៉ុន ម៉ាកាវ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី កាណាដា អឺរ៉ុប អាមេរិក អូស្ត្រាលី និងកម្ពុជាផងដែរ។

ដោយឡែកនៅកម្ពុជា ក្រុមហ៊ុន Sunwah Group បាននឹងកំពុងពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យសំខាន់ៗដូចជា វិស័យម្ហូបអាហារ វិស័យអចលនទ្រព្យ វិស័យនវានុវត្តន៍ និងបច្ចេកវិទ្យា ដែលបានរួមចំណែដល់សេដ្ឋកិច្ច និងបង្កើតការងារជាច្រើនជូនដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕