លោក Jonathan K.S. Choi ប្រធានសភាពាណិជ្ជកម្មចិន សម្ព័ន្ធសហគ្រិននៅតំបន់ឆ្នេរសមុទ្រ និងក្រុមហ៊ុនសាន់វ៉ា គ្រុប និងគណៈប្រតិភូមកពី ក្វាងទុង ហុងកុង និងម៉ាកាវ នៃប្រទេសចិន ជាង ៦០រូប បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។
នៅក្នុងជំនួបនោះ លោកJonathan K.S. Choi បានលើកឡើងពីគោលបំណងរបស់ខ្លួន និងគណៈប្រតិភូទាំងអស់ពីការវិនិយោគលើវិស័យនានាជាច្រើនក្នុងប្រទេសកម្ពុជា រួមមាន វិស័យឌីជីថល ឡូជីស្ទីក ថាមពល អចលនទ្រព្យ ផលិតកម្មលើការកែច្នៃជាដើម។
ស្របពេលជាមួយគ្នានេះ គណៈប្រតិភូជាវិនិយោគិន ក៏បានស្នើសុំការបញ្ជាក់ចំពោះលក្ខខណ្ឌនៃការធ្វើពាណិជ្ជកម្មមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។
នាឱកាសនោះ លោកស្រី ចម និម្មល បានបង្ហាញនូវការសាទរ និងគាំទ្រចំពោះគោលបំណងជំរុញកំណើននៃការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី បន្ថែមទៀត។ ស្របពេលជាមួយគ្នានេះ លោកស្រីក៏បានណែនាំដល់ភាគីក្រុមហ៊ុន ក្នុងការទំនាក់ទំនង និងសិក្សាលើគម្រោងដែលបានលើកឡើងពីខាងដើមនេះ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយប្រសិទ្ធភាព។ហើយក្រសួងពាណិជ្ជកម្មរីករាយក្នុងការសហការ និងជួយសម្របសម្រួលជូនដល់វិនិយោគិនទាំងឡាយ ក្នុងក្របខណ្ឌពាណិជ្ជកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបានកាន់តែច្រើនឡើងបន្ថែមទៀត៕