ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បានអបអរសាទរ និងជូនពរ ដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងសកលលោក ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី នៅថ្ងៃពុធ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹង ថ្ងៃទី១០ ខែមេសា នេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ និងការពារ ថែរក្សាបានយ៉ាងល្អ នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅប្រទេសកម្ពុជា ។
សម្តេចធិបតី នាយករដ្ឋមន្ត្រីនិងលោកជំទាវ ក៏បានបួងសួងសុំឱ្យបងប្អូនម៉ូស្លីមទាំងអស់ទទួលបាននូវសេចក្តីសុខ សេចក្ដីសប្បាយ មានភាពចម្រុងចម្រើន ប្រកបដោយសុភមង្គលគ្រប់ៗគ្នា ។


