សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានអនុម័តថវិកា៤លានដុល្លារ សម្រាប់បោះបង្គោលព្រំនៅតំបន់បឹងទន្លេសាប ជំហានទី១ ស្របគ្នាជាមួយនឹងការងាររផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធ និងបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីតំបន់បឹងទន្លេសាបឡើងវិញ ។
ការបញ្ជាក់របស់សម្តេចធិបតី ដូចនេះបានធ្វើឡើងក្នុងពិធី“ បិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ ”នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រុមការងារចម្រុះ ដែលមានក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តជាប់បឹងទន្លេសាប បានចាត់វិធានការទប់ស្កាត់ការទន្រ្ទានផ្សេងៗ ហើយបានកែសម្រួលសមាសភាពមន្ត្រីជំនាញនៅក្នុងខេត្តខ្លះ។ ជាពិសេសកាលពីពេលថ្មីៗនេះ ឈានទៅដល់ការបង្រ្កាបនៅខេត្តកំពង់ឆ្នាំង ដែលបានចាប់ខ្លួនមនុស្ស៣នាក់ រួមមានឈ្មួញរកស៊ីដី និងមន្ត្រីជាអភិបាលរងស្រុកផងដែរ។
សម្តេចធិបតី ក៏ណែនាំឲ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប និងជំរុញបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីតំបន់ ១ តំបន់ ២ និង តំបន់ ៣ នៃ តំបន់ទន្លេសាប និងធ្វើការបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រាន កាន់កាប់ដីក្នុងអាងស្តុកទឹក, ដីព្រៃលិចទឹក, ការចាក់ដី និង ថ្មចូលក្នុងទន្លេ ស្ទឹង អូរ និង បឹងបួរ នៅទូទាំងប្រទេស។


