គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តចំនួន៣ រួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដែលមានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ សម្រេចការសាងសង់បាន ៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមដើមខែមេសា ឆ្នាំ២០២៤នេះ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ បានដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយក្នុងនោះដែរ ការងារផ្លូវថ្នល់អនុវត្តបាន ៨០,៥៣% ការងារស្ពានអនុវត្តបាន ៨៦,២៨% ការងារស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់គីឡូម៉ែត្រ ១២៨+៩០៥ សម្រេចបាន ៤០% ការងារលូកាត់ទទឹងផ្លូវ ៩៨,១៩% និងការងារលូបណ្តោយផ្លូវ និងជញ្ជាំងការពារជើងទេរ អនុវត្តបាន ៨៧,៦៣%។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ការសាងសង់មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕


