ថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ«គិរីសួគ៌» នៅខេត្តតាកែវ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា កម្ពុជាបាននាំចូលទំនិញដែលពាក់ព័ន្ធផលិតផលទឹកដោះគោ ប្រមាណ៩៨ពាន់តោន គិតជាទឹកប្រាក់៨៣៤លានដុល្លារ ក្នុងមួយឆ្នាំៗ។

សម្តេចធិបតី បានថ្លែងយ៉ាងដូច្នេះថា «ទិន្នន័យនៃការនាំចូលផលិតផលរបស់យើង បើគិតជាប្រចាំឆ្នាំ៩៨ពាន់តោន ក្នុងមួយឆ្នាំ គិតជាថវិកាសរុប៧៣៤លានដុល្លារ ដែលនាំចូលទាក់ទងផលិតទឹកដោះគោ»។
សម្តេចធិបតី បន្តថា «ផលិតផលក្នុងស្រុកជាច្រើននឹងបានដើរតួនាទីកាន់តែសំខាន់នៅក្នុងការជំនួសទៅឱ្យផលិតផលនាំចូលពីក្រៅប្រទេស។ការគាំទ្រដែលអាចធ្វើបានទាំងរដ្ឋ ទាំងឯកជន ទាំងប្រជាពលរដ្ឋរបស់យើងគឺត្រូវរួមគ្នា ហើយសង្ឈឹមថាផលិតផលជាច្រើនយើងអាចផលិតនៅក្នុងស្រុក ផ្គត់ផ្គង់ទឹកផ្សារនៅក្នុងស្រុករបស់យើង ជាពិសេសវិស័យកសិកម្ម ឈានទៅដល់ការកាត់បន្ថយការនាំចូល ប៉ុន្តែត្រូវធានាគុណភាព និងតម្លៃសមរម្យ»។
សម្តេចធិបតី បានគូសបញ្ជាក់ថា ជោគជ័យរបស់ក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល គឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជាទៅលើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផលិតទឹកដោះគោដែលជាការចូលរួមចំណែកដ៏ធំធេងនៅក្នុងការអភិវឌ្ឍន៍អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសការរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារ និងការបង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋមូលដ្ឋានព្រមទាំងបង្កើនការផ្ទេរចំណេះដឹង បទពិសោធន៍ដល់កម្មករ និយោជិតកម្ពុជាផងដែរ៕


