នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ ២០២៣។ យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែកលើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣»។
ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី សម្រាប់ខែមេសា ឆ្នាំ២០២៤ បានប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥,0% ក្នុងឆ្នាំ២០២៣។ កំណើននេះ វាបានជំរុញដោយការស្ទុះឡើងវិញយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍ បើប្រៀបធៀបនឹងសមិទ្ធផល ដែលវិស័យនេះ សម្រេចបានក្នុងឆ្នាំ២០២២ និងកំណើនដ៏រឹងមាំដែលវិស័យកម្មន្តសាលក្រៅពី GFT បន្តសម្រេចបាន។
របាយការណ៍នេះ បានព្យាករពីកំណើនដែលនឹងមានជាបន្តទៀតសម្រាប់សេដ្ឋកិច្ចនៅឆ្នាំ២០២៤-២០២៥ ដោយមានការគាំទ្រកាន់តែខ្លាំងពីផលិតកម្មវិស័យកម្មន្តសាលសម្រាប់ការនាំចេញ។ អតិផរណាជាមធ្យមប្រចាំឆ្នាំដែលមានការថយចុះមក ២,១% នៅក្នុងឆ្នាំ២០២៣ ដោយសារមានការថយចុះនៃថ្លៃថាមពលអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តនៅក្នុងរង្វង់ ២,០% នៅក្នុងពេល២ឆ្នាំខាងមុខនេះ។
រាជរដ្ឋាភិបាលគ្រោងអនុវត្តការពង្រឹងការគ្រប់គ្រងថវិកាជាបណ្តើរៗចាប់ពីឆ្នាំ២០២៤ ដើម្បីស្តារឡើងវិញនូវទុនបម្រុងដែលបានស្រកចុះដោយសារការរីករាលដាលជំងឺរាតត្បាត។ ប៉ុន្តែបញ្ហាប្រឈមដូចជា និន្នាការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល កំណើនបំណុលឯកជន ការប្រែប្រួលថ្លៃថាមពល និងភាពងាយរងគ្រោះនឹងអាកាសធាតុ អាចជះឥទ្ធិពលដល់ទស្សនវិស័យរយៈពេលវែង។
លោកស្រី Jyotsana Varma មានប្រសាសន៍ថា «បញ្ហាប្រឈមទាំងនេះបន្ថែមភាពស្មុគស្មាញដល់ទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែកម្ពុជាកំពុងឈានទៅមុខ ជាមួយនឹងសុទិដ្ឋិនិយមប្រកបដោយ ភាពប្រយ័ត្នប្រយែង»៕