បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរកាន់តែខិតជិតមកដល់ហើយ ថ្ងៃនេះ ឧកញ៉ាញូស៍ សូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកស្គាល់តំបន់គោលដៅទេសចរណ៍ល្បីៗ ស្ថិតនៅក្នុងជួរភ្នំក្រវ៉ាញ នៃប្រទេសកម្ពុជា។
ជួរភ្នំក្រវ៉ាញ លាតសន្ធឹងលើផ្ទៃដីទំហំ ១.៥លានហិកតា ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ព្រៃនៅជួរភ្នំក្រវាញ ជារបាំងធម្មជាតិដ៏សំខាន់នៅកម្ពុជាដែលវាអាចស្រូបកាបូនបានច្រើនជាងគេនៅតំបន់អាស៊ីនិងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
ការទៅសម្រាកលំហែកាយ តាមតំបន់ព្រៃភ្នំគឺជាជម្រើសដ៏ល្អមួយ ព្រោះថា នៅតំបន់ភ្នំមាន ខ្យល់អាកាសត្រជាក់ បរិសុទ្ធ នៅពេលដែលទេសចរណ៍ជាតិ និងអន្ដរជាតិ បានទៅដល់ហើយតែងបាត់អស់នៅទុក្ខកង្វល់ផ្សេងៗ។ នៅក្នុងតំបន់ជួរភ្នំភ្នំក្រវ៉ាញ មានគោលដៅទេសចរណ៍ល្បីៗជាច្រើនដូចជា៖ ភ្នំ១៥០០, បុប្ផាលាក់ខ្លួន តំបន់ផ្លូវអន្ទង់អាំង, ភ្នំច្រមុះបារាំង, ភ្នំព្រះ, ភ្នំទំព័រ, ភ្នំសំកុស, ភ្នំឱរ៉ាល់, ខ្នងផ្សា, ខ្នងក្រពើ, ខ្នងវាល, ខ្នងសំពៅ, ទឹកធ្លាក់ឆាយយោង, ឆាយ១០០, ឆាយតាហ៊ីង, ស្ទឹងពង្រូល, ស្ទឹងព្រាត់, ទឹកធ្លាក់អូរកី, ទឹកធ្លាក់អូរម្លូ, ទឹកធ្លាក់អូរទឹកវេទ, ភ្នំត្រងោល, ភ្នំម្រេចកង្កែប, ស្ទឹងពពកភ្នំបានទៀត និងកាំឡូតផ្លាតូ ឬល្អាងគ្រី។
បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ជួរភ្នំក្រវ៉ាញគឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕